ដោយៈ សុខុម
អន្តរជាតិ: ក្រុមរដ្ឋមន្ត្រីថាមពលនៃសហភាពអឺរ៉ុប បានឯកភាពគ្នាឱ្យបណ្ដាប្រទេសជាសមាជិក កាត់បន្ថយការប្រើប្រាស់ឧស្ម័នហ្គាស ដោយសារបារម្ភខ្លាចប្រទេសរុស្ស៊ី កាត់ផ្ដាច់ការផ្គត់ផ្គង់ក្នុងរដូវរងាដ៏ខ្លីខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។
បន្ទាប់ពីកិច្ចពិភាក្សាកាលពីថ្ងៃអង្គារ ទី២៦ ខែកក្កដា បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប បានឈានដល់ការព្រមព្រៀងគ្នាថា ប្រទេសនានា គួរតែកាត់បន្ថយការប្រើប្រាស់ឧស្ម័ន ដោយស្ម័គ្រចិត្តចំនួន១៥%ចាប់ពីខែសីហា ឆ្នាំនេះដល់ខែមីនា ដើមឆ្នាំ២០២៣។
សាធារណរដ្ឋឆែក ដែលជាប្រធានប្ដូរវេននៃសហភាពអឺរ៉ុប បានលើកឡើងតាមបណ្ដាញទំនាក់ទំនងសង្គម Twitter អំពីកិច្ចព្រមព្រៀងកាត់បន្ថយការប្រើប្រាស់ឧស្ម័នហ្គាសនេះថា “នេះមិនមែនជាបេសកកម្ម ដែលមិនអាចទៅរួចនោះទេ!”។
ទោះជាយ៉ាងណា យោតាមឯកសារទទួលបាន ដោយសារព័ត៌មាន BBC បង្ហាញថា កិច្ចព្រមព្រៀងនេះ ត្រូវបានបន្ធូរបន្ថយច្រើនជាងមុន ដោយប្រទេសនានា អាចស្វះស្វែងស្នើសុំការលើកលែងបានក្នុងករណីពិសេស។
សហភាពអឺរ៉ុប និយាយថា “គោលបំណងនៃការកាត់បន្ថយតម្រូវការឧស្ម័នហ្គាសនេះ គឺដើម្បីសន្សំហ្គាសទុក មុនពេលរដូវរងាចូលមកដល់ ជាការត្រៀមលក្ខណៈទុកជាមុន ក្នុងករណីមានការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នហ្គាសពីសំណាក់ប្រទេសរុស្ស៊ី ដែលបាននិងកំពុងបន្តប្រើប្រាស់ការផ្គត់ផ្គង់ថាមពលធ្វើជាអាវុធ”។
កិច្ចព្រមព្រៀងនេះកំណត់ថា ការកាត់បន្ថយតម្រូវការឧស្ម័នហ្គាសនេះនឹងក្លាយជាកាតព្វកិច្ចដែលត្រូវអនុវត្តជាកំហិត ប្រសិនបើការផ្គត់ផ្គង់ឈានដល់កម្រិតវិបត្តិ។
ទោះជាយ៉ាងណា សហភាពអឺរ៉ុប បញ្ជាក់ថា ប្រទេសមួយចំនួនដែលមិនត្រូវបានតភ្ជាប់ ទៅបណ្តាញបំពង់ឧស្ម័នហ្គាស របស់រដ្ឋជាសមាជិកផ្សេងទៀត នឹងត្រូវបានលើកលែងពីការតម្រូវជាកំហិតនេះ ពីព្រោះតែប្រទេសទាំងនោះ មិនអាចស្វែងរកប្រភពផ្គត់ផ្គង់ជំនួសបាន៕ BBC៕