ដំណឹងល្អៈ ប្រមុខកាទូតអាមេរិក និងចិននឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននៅភ្នំពេញ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ជាដំណឹងល្អមួយសម្រាប់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះខណៈលោកAntony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិក និងលោកWang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) នៅរាជធានីភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ដំណឹងនេះត្រូវបានបង្ហើបឲ្យដឹងដោយលោក លុយ ដាវីត រដ្ឋលេខា​ធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការជាតិ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ឆ្នាំ២០២២ ប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។

លោក លុយ ដាវីត បានបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាមេរិក នឹងមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ។ ចិន (រដ្ឋមន្ត្រីការបរទេស) ក៏មកដែរ


កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ (55th AMM and Related Meetings) រួមមានទាំងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (ASEAN Post Ministerial Conference) កិច្ចប្រជុំអាស៊ានបូក៣ លើកទី២៣ (23rd ASEAN Plus Three) កិច្ចប្រជុំកំពូលអាស៉ីបូព៌ាលើកទី១២ (12th East Asia Summit) និងវេទិកាតំបន់អាស៊ានលើកទី២៩ (29th ASEAN Regional Forum) នឹងត្រូវរៀបចំឡើងចាប់ពីថ្ងៃទី៣១ ខែកក្កដា រហូតដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ តាមទម្រង់ដោយផ្ទាល់ (Physical) ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ធ្លាប់បញ្ជាក់ថា លោកSergei Lavrov រដ្ឋមន្ត្រីការបរទេសរុស្ស៉ី ក៏នឹងមកចូលរួមប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធនេះដែរ។

AMM ត្រូវបានបង្កើតឡើង កាលពីឆ្នាំ១៩៦៧ ដោយសេចក្ដីថ្លែងការណ៍ រាជធានីបាងកកបន្ទាប់ពីអាស៊ាន ត្រូវបានបង្កើតឡើង។ AMM ប្រជុំយ៉ាងហោចណាស់៤ដងក្នុងមួយឆ្នាំ ហើយអាចកោះប្រជុំពិសេសនៅពេលចាំបាច់ ដើម្បីពិភាក្សាអំពីបញ្ហា ដែលទាមទារឲ្យមានការយកចិត្តទុកដាក់បន្ទាន់ ពីអាស៊ាន។ AMM ពិនិត្យ និងពិភាក្សា ជាទៀងទាត់ អំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងទិសដៅជាយុទ្ធសាស្ត្ររបស់ខ្លួន ក៏ដូចជាការប្រព្រឹត្តទៅនៃទំនាក់ទំនងខាងក្រៅ របស់អាស៊ាន។

កម្ពុជាបានក្លាយជាសមាជិកអាស៊ាន កាលពីខែមេសា ឆ្នាំ១៩៩៩ ហើយបានធ្វើជាម្ចាស់ផ្ទះ រៀបចំ AMM កាលពីឆ្នាំ២០០២ និង ២០១២៕

LEAVE A REPLY

Please enter your comment!
Please enter your name here