ដោយៈ សុផារី
ភ្នំពេញៈ អគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ការចរចាយកប្រេងកាតរបស់កម្ពុជា ជិត៣០ម៉ឺនបារ៉ែល ដែលបានបាត់ ដោយសារនាវា MT Strovolos លួចដឹកចេញពីតំបន់បូមប្រេងប្លុកA ដោយខុសច្បាប់នោះ កំពុងទទួលបានសញ្ញាវិជ្ជមានច្រើន ដែលអាចនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។
លោកជៀប សួរ អគ្គនាយកនៃអគ្គនាយកប្រេងកាត ក្រសួងរ៉ែ និងថាមពល បានមានប្រសាសន៍ក្នុងសន្និសីទប្រេង និងឧស្ម័ន នៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២នេះថា ភាគីទាំងអស់ បានឯកភាពគ្នាក្នុងការចរចាសម្របសម្រួល ហើយអាចត្រូវការពេលវេលាយូរ ដែលរហូតមកដល់ពេលនេះចាប់ផ្តើមមានសញ្ញាវិជ្ជមានបន្តិចហើយ។
លោកបានឱ្យដឹងថា “ឥឡូវនេះភាគីទាំងអស់ បានឯកភាពគ្នាក្នុងការចូលតុចរចា ដើម្បីសម្របសម្រួលទៅតាមការព្រមព្រៀង បែងចែកផលប្រយោជន៍ ដែលភាគីនិមួយៗត្រូវទទួលបាន”។ លោកបន្តថា “ការពិភាក្សានេះ ត្រូវការពេលវេលាយូរ គ្រាន់តែថា វាមានសញ្ញាវិជ្ជមានច្រើន មកដល់ពេលនេះ តែមិនទាន់ចប់ទាំងស្រុងនោះទេ”។
លោកបានបន្តថា “រឿងប្រេងដែលបាត់ គឺភាគីពាក់ព័ន្ធ ទាំងតំណាងក្រុមហ៊ុន KrisEnergy តំណាងកប៉ាល MT Strovolos និងភាគីក្រុមហ៊ុនច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែចរចាគ្នាយ៉ាងស្វិតស្វាញ ហើយមានវឌ្ឍនភាពល្អ តែគ្រាន់តែវាមិនទាន់ចប់។ ខ្ញុំអាចសន្និដ្ឋានថាឆាប់ៗ សូមរង់ចាំទាំងអស់គ្នាបន្តិចទៀត”។
បើយោងតាមការបញ្ជាក់របស់លោក ជៀប សួរ នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន KrisEnergy រួចរាល់ហើយ ហើយនៅពេលនេះ មានក្រុមហ៊ុនសញ្ជាតិកាណាដាមួយកំពុងសិក្សាទិន្នន័យទាំងប្លុកដែនគោក និងក្នុងដែនសមុទ្រឡើងវិញ ដោយមិនយកគម្រូបន្តពីក្រុមហ៊ុនចាស់នោះទេ មុនសម្រេចចិត្តជាក្រោយថានឹងធ្វើការវិនិយោគឬទេ។
លោកបញ្ជាក់ថា “ការសិក្សាត្រូវការពេលវេលាបន្ថែមបន្ទិច ហើយឥឡូវវាជិតដល់ដំណាក់កាល ដែលយកលទ្ធផលនៃការសិក្សានេះមកពិភាក្សាគ្នាហើយ”។ លោកបន្ថែមថា “យើងនឹងធ្វើការផ្សព្វផ្សាយនាពេលខាងមុខថា គម្រោងប្លុកA នឹងបន្តការងារជាមួយក្រុមហ៊ុនមួយណា”៕