ដោយៈ គង់ សូរិយា
ភ្នំពេញៈ អ្នកវិភាគអន្តរជាតិមួយរូបបានលើកឡើងថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នឹងអាចកើនឡើងក្នុងរង្វង់៦,៣ភាគរយនៅឆ្នាំនេះ ខណៈស្ថាប័នអន្តរជាតិធំៗ មិនសូវមានសុទិដ្ឋិនិយមបែបនេះឡើយ។
របាយការណ៍របស់S&P Global Rating បានបង្ហាញពីការព្យាករណ៍ (GDP)កម្ពុជា ដែលអាចនឹងហក់ឡើងដល់ ៦,៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ កំណើននេះទៀតសោធ គឺខ្ពស់ជាងការព្យាករណ៍របស់ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងមូលនិធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងស្ថាប័នអន្តរជាតិ ទៅទៀត។ ទាំងអស់នេះគឺដោយសារ តែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។
របាយការណ៍ដដែលបានបង្ហាញសុទិដ្ឋិនិយមថា អត្រាឥណទាននៅកម្ពុជា ក៏នឹងកើនឡើង និងនៅតែបន្តកើនយ៉ាងលឿន ជាមធ្យម២០% ជាប្រចាំឆ្នាំក្នុងរយៈពេល១២ ទៅ១៨ ខែបន្ទាប់នេះ។
លោក Ivan Tan អ្នកវិភាគឥណទានរបស់S&P បានមានប្រសាសន៍ថា “យើងជឿជាក់ថា រឿងរ៉ាវនៃកំណើនរយៈពេលវែងរបស់កម្ពុជា នៅតែអាចរក្សាបានយ៉ាងល្អដដែល ដោយសាររចនាសម្ព័ន្ធនៃថ្លៃដើម មានការប្រកួតប្រជែងខ្លាំង ព្រមទាំងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាចលករមួយអាចរុញច្រានប្រទេសមួយនេះ ឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក”៕