ជប៉ុនចាប់ផ្ដើមជជែកដេញដោលអំពីផែនការបោះទុនវិនិយោគ១៤៦ពាន់លានដុល្លារ លើគម្រោងថាមពលបៃតង

0

ដោយសុខុម

តូក្យូ: ប្រទេសជប៉ុន កាលពីថ្ងៃពុធ ទី២៧ ខែកក្កដា បានចាប់ផ្តើមការជជែកដេញដោលអំពីវិធីសម្រេចបាននូវកំណើនថាមពលបៃតង និងគោលដៅមិនបំភាយឧស្ម័នកាបូនចូលទៅក្នុងបរិយាកាសតាមរយៈការបោះទុនវិនិយោគរហូតដល់ទៅ១៤៦ពាន់លានដុល្លារ ដែលបានពីការចំណាយរបស់រដ្ឋាភិបាល។

នាយករដ្ឋមន្រ្តីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) បានចាត់ទុកការផ្លាស់ប្ដូរឆ្ពោះទៅប្រើថាមពលបៃតងជាអាទិភាពដ៏សំខាន់មួយនៃចក្ខុវិស័យរបស់លោកសម្រាប់មូលធននិយមបែបថ្មី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japan Times។

លោក ហ្វូមីអូ គីស៊ីដា បានចាត់តាំងរដ្ឋមន្ត្រីឧស្សាហកម្ម លោក កូអ៊ីឈិ ហាហ្គិអ៊ូដា (Koichi Hagiuda) ឱ្យទទួលបន្ទុកលើកកម្ពស់ការផ្លាស់ប្តូរឆ្ពោះទៅប្រើថាមពលបៃតង ដោយរដ្ឋាភិបាលគ្រោងនឹងរៀបចំផែនទីបង្ហាញផ្លូវរយៈពេល១០ឆ្នាំនៅត្រឹមដំណាច់ឆ្នាំនេះសម្រាប់ការផ្លាស់ប្តូររបស់ប្រទេសជប៉ុន ឆ្ពោះទៅរកការក្លាយជាសេដ្ឋកិច្ចបៃតង។

រដ្ឋាភិបាលនឹងធ្វើការសម្រេចលើសេចក្ដីលម្អិត អំពីរបៀបចំណាយទុនវិនិយោគ១៤៦ពាន់លានដុល្លារ នេះ។ រដ្ឋាភិបាលក៏នឹងផ្តោតលើមធ្យោបាយនានាសម្រាប់ប្រទេសនេះធានាបាននូវការផ្គត់ផ្គង់ថាមពលប្រកបដោយស្ថិរភាពផងដែរ។

ថ្លែងក្នុងកិច្ចប្រជុំមួយ លោក ហ្វូមីអូ គីស៊ីដា បានជំរុញឱ្យគណៈកម្មាការរបស់រដ្ឋាភិបាលលើកកម្ពស់ ការផ្លាស់ប្តូរឆ្ពោះទៅប្រើថាមពលបៃតង ជួយកំណត់ឱ្យឃើញនូវចំណុចនានាដែលតម្រូវឱ្យធ្វើ “ការសម្រេចចិត្តខាងនយោបាយ” ខណៈប្រទេសជប៉ុន ប្រឈមមុខនឹងភាពចាំបាច់កាន់តែខ្លាំងដែលត្រូវធានាសន្តិសុខថាមពល និងជម្នះវិបត្តិដែលបង្កឡើងដោយសារសង្គ្រាមរុស្ស៊ី ចូលឈ្លានពានអ៊ុយក្រែន។

ការបង្កើតគណៈកម្មាធិការនេះក្រោមការដឹកនាំរបស់លោក ហ្វូមីអូ គីស៊ីដា និងដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំអាជីវកម្មជាច្រើន ធ្វើឡើងក្នុងគោលបំណងពន្លឿនកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) នៅត្រឹមឆ្នាំ២០៥០។

ជាការពិតណាស់ នេះជាកិច្ចការដ៏សែនលំបាកសម្រាប់ប្រទេសជប៉ុន ដែលពឹងផ្អែកខ្លាំងលើឥន្ធនៈហ្វូស៊ីលដូចជាប្រេង ធ្យូងថ្ម និងនុយក្លេអ៊ែរជាដើម៕ Japan Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here