ក្រុមហ៊ុនលំដាប់យក្សកូរ៉េនឹងដាក់ដំណើរការកម្មSamsung Innovative Campus ក្នុង​​បរិវេណសាកលវិទ្យាល័យសាលាភូមិន្ទ​ភ្នំពេញ

0

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនSAMSUNG ដែលមានមូលដ្ឋាននៅប្រទេសថៃបានបង្ហើបថា ក្រុមហ៊ុននេះនឹងដាក់ដំំណើរការកម្មវិធីSamsung Innovative Campusនៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញនាពេលខាងមុខនេះ។

ព៌តមាននេះ ត្រូវបានបញ្ជាក់ឲ្យដឹងដោយលោក Sangho JO អគ្គនាយកក្រុមហ៊ុន សាមសុង ​ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងអូសេអានី ដឹកនាំប្រតិភូសាខាក្រុមហ៊ុន សាមសុងថៃឡង់ដ៍ ដែលមានការិយាល័យតំណាងប្រចាំនៅកម្ពុជា ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីស្វែងយល់កាលានុវត្តភាពធ្វើធុរកិច្ច វិនិយោគ និងកិច្ចសហប្រតិបត្តិការលើកិច្ចការជំរុញពាណិជ្ជកម្មនៅកម្ពុជា ជាមួយលោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនាព្រឹកថ្ងៃទី២៨ កក្កដានេះ។

លោករដ្ឋមន្រ្តី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ប្រតិភូក្រុមហ៊ុន សាមសុង ថៃឡង់ដ៍ ​ដែលបានមកធ្វើទស្សនកិច្ចនៅកម្ពុជា និងបានជម្រាបជូនអំពីកិច្ចខិតខំ ប្រឹងប្រែងរបស់កម្ពុជា ក្នុងការជួយសម្រួលដល់បរិយាកាសធុរកិច្ចនៅកម្ពុជា រួមមាន ការកសាងលិខិតបទដ្ឋានគតិយុទ្ធ និងការពង្រីកទីផ្សារបន្ថែម តាមរយៈកិច្ចចរចាបង្កើតកិច្ចព្រមព្រៀងទ្វេភាគី និងតំបន់ ដែលមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជម្មសេរីទ្វេភាគី កម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងភាពជាដៃគូរសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។

លោករដ្ឋមន្រ្តី ក៏បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែ ងរបស់កម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការស្ដាសេដ្ឋកិច្ចឡើងវិញ ក្រោយពីវិបត្តិជំងឺកូវីដ-១៩ ផងដែរ។

ជាការឆ្លើយតប ​លោក Sangho JO បានបង្ហាញនូវក្តីរំភើប និងចំណាប់អារម្មណ៍ ចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅកម្ពុជា និងបានជម្រាប លោករដ្ឋមន្រ្តី ពីប្រវត្តិសង្ខេប និងសកម្មភាពធុរកិច្ច​របស់ក្រុមហ៊ុន Samsung កម្ពុជា ថា ក្រុមហ៊ុនសាមសុងអេឡិកត្រូនិក ក៏បានចូលរួមសហការជាមួយក្រសួង-ស្ថាប័នជាតិ ពាក់ព័ន្ធផ្សព្វផ្សាយផលិតផល តាមរយៈការចូលរួម​ព្រឹត្តិការណ៍ពិព័រណ៍នានា និងបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន ដូចជា៖ ការគាំទ្រដល់ការសិក្សារបស់កុមារក្រីក្រ កសាងបណ្ណាល័យតាមសាលារៀន ផ្តល់នូវប្រព័ន្ធចម្រោះទឹកស្អាតរយៈពេលវែងដល់សាលារៀននៅតាមជនបទ គាំទ្រដល់កីឡាការ៉ាតេដូ និងសកម្មភាពសិល្បៈរបស់និស្សិតក្រីក្រកម្ពុជាផងដែរ។

ជាមួយគ្នានេះ លោកបានអញ្ជើញរដ្ឋមន្ត្រីប៉ាន សូរស័ក្តិធ្វើជាអធិបតីក្នុងពិធីសម្ពោធ Samsung Innovative Campus នាពេលខាងមុខ និងបាន​ស្នើសុំ លោករដ្ឋមន្ត្រី ក្នុងនាមប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំ ចូលរួមពិព័រណ៍ពិភពលោក និងពិព័រណ៍ពាណិជ្ជកម្មអន្តរជាតិ និងក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ជួយគាំទ្រដល់បេក្ខភាពទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ ធ្វើជាម្ចាស់ផ្ទះ រៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ ខាងមុខ ផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here