ដោយៈ សុខុម
ប្រទេសចិន: អ្នកជំនាញនិយាយថា ឧស្សាហកម្មយន្តហោះដ្រូន (យន្តហោះគ្មានមនុស្សបើក) ក្នុងប្រទេសចិន កំពុងតែកាក់កបយ៉ាងខ្លាំងដោយសារមានតម្រូវការខ្ពស់ ហើយតាមការរំពឹងទុកទំហំទីផ្សារក្នុងស្រុកនឹងឈានលើស១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២២នេះ។
យោងតាមសារព័ត៌មានហិរញ្ញវត្ថុ Yicaiបានរាយការណ៍ឱ្យដឹងថា ប្រទេសចិន ដែលជាមូលដ្ឋានឧស្សាហកម្មយន្តហោះដ្រូន ដ៏សំខាន់ក្នុងពិភពលោក ទទួលបានកំណើនយ៉ាងឆាប់រហ័ស ក្នុងឧស្សាហកម្មនេះកាលពីឆ្នាំមុន។
ទិន្នន័យបានបង្ហាញថា ប្រទេសចិន មានសហគ្រាសផលិតយន្តហោះដ្រូនជាង១២.០០០កន្លែង មានតម្លៃសរុប១៣ពាន់លានដុល្លារអាមេរិក។
គ្រាន់តែនៅទីក្រុងស៊ឹនជិន (Shenzhen) មានក្រុមហ៊ុនផលិតយន្តហោះដ្រូន ដល់ទៅជាង១.៥០០កន្លែង ហើយតម្លៃទិន្នផលបានឈានដល់ជិត៩ពាន់លានដុល្លារអាមេរិក។
យន្តហោះដ្រូនប្រភេទធម្មតា គ្របដណ្ដប់៧០% នៃចំណែកទីផ្សារសរុបទូទាំងពិភពលោក។ ចំណែកឯយន្តហោះដ្រូន ប្រភេទឧស្សាហកម្មគ្របដណ្ដប់៥០% នៃចំណែកទីផ្សារ។
ចាប់តាំងពីដើមឆ្នាំ២០២០ ទោះជាមានវិបត្តិកូវីដ-១៩ ធ្ងន់ធ្ងរយ៉ាងណាក្ដី ក៏ទីផ្សារយន្តហោះដ្រូនរបស់ប្រទេសចិន នៅតែទទួលបានកំណើន៣០% គួរឱ្យភ្ញាក់ផ្អើលដោយសារតែកម្មវិធីឆ្លាតវៃ និងកម្មវិធីដឹកជញ្ជូនទំនិញដោយមិនបាច់បាច់ប៉ះពាល់ផ្ទាល់។
នេះបើយោងតាមអ្វី ដែលលោក Yang Jincai ប្រធានសមាគមឧស្សាហកម្មយន្តហោះដ្រូនក្រុងស៊ឹនជិន បានលើកឡើងក្នុងពិព័រណ៍យន្តហោះដ្រូនពិភពលោក ដែលបានរៀបចំឡើងនៅក្រុងស៊ឹនជិន ខេត្តគ័ងតុង កាលពីថ្ងៃទី២៣-២៣ ខែកក្កដា។
លោក Yang Jincai បានគូសបញ្ជាក់ថា នៅឆ្នាំនេះ តាមការរំពឹងទុកតម្លៃទីផ្សារយន្តហោះដ្រូន ក្នុងស្រុកនឹងឈានលើស១៥ពាន់លានដុល្លារអាមេរិក៕ The Nation៕