សេដ្ឋកិច្ចអាមេរិក ដាំក្បាលចុះជាថ្មី ជាសញ្ញាប្រកាសអាន្ននៃវិបត្តិ ប៉ុន្តែលោកចូ បៃឌិនបដិសេធ

0

ដោយៈ សុខុម

ញូវយ៉ក: សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានដាំក្បាលចុះជាថ្មីរយៈពេល២ត្រីមាសជាប់ៗគ្នាក្នុងឆ្នាំ២០២២នេះ ហើយបើនៅក្នុងបណ្ដាប្រទេ​ស​ផ្សេងទៀត ស្ថិតក្នុងស្ថានភាពបែបនេះ នឹងត្រូវបានចាត់ទុកថាជាវិបត្តិសេដ្ឋកិច្ចរួចទៅហើយ។

នៅក្នុងត្រីមាសទី២ គិតមកទល់នឹងខែកក្កដា នេះ សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ០,៩% ហើយការធ្លាក់ចុះនេះបានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ស្របពេលការព្រួយបារម្ភ កើនឡើងជុំវិញស្ថានភាពសេដ្ឋកិច្ច។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា។

គ្រឿងទេស ប្រេងឥន្ធនៈ និងទំនិញប្រើប្រាស់ចាំបាច់ជាមូលដ្ឋានផ្សេងទៀត នៅក្នុងសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោកមួយនេះ កំពុងតែហក់ឡើងថ្លៃស្រឺតៗក្នុងល្បឿនលឿនបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ១៩៨១មក។

នៅពេលធនាគារកណ្តាលអាមេរិក (Federal Reserve) ដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស ដើម្បីព្យាយាមទប់ស្ថិរភាពសេដ្ឋកិច្ច និងបន្ធូរសម្ពាធទំនិញហក់ឡើងថ្លៃ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា វិបត្តិសេដ្ឋកិច្ច នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ គ្រាន់តែមិនទាន់ប្រកាសជាផ្លូវការប៉ុណ្ណោះ។

ស្របពេលសាធារណជនកំពុងបាត់បង់ទំនុកចិត្តកាន់តែច្រើន ប្រធា​នា​ធិបតីសហរដ្ឋអាមេរិក លោកចូ បៃឌិន បានព្យាយាមនិយាយសម្រាលស្ថានការណ៍ថា សេដ្ឋកិច្ចអាមេរិកនៅតែរឹងមាំ ដោយលោកធ្វើការកត់សម្គា​ល់ថា អត្រាគ្មានការងារធ្វើនៅទាប ក្នុងរង្វង់ត្រឹមតែ៣,៦% ហើយការជួលឱ្យធ្វើការនៅតែល្អប្រសើរ។

នៅសប្តាហ៍នេះ មុនពេលទិន្នន័យពីក្រសួងពាណិជ្ជកម្ម ត្រូវបានចេញផ្សាយ លោក ចូ បៃឌិន បានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា សេដ្ឋកិច្ចអាមេរិក “នឹងមិនធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចនោះឡើយ”។

ការលើកឡើងបែបនេះ បានធ្វើឱ្យគូប្រជែងរបស់លោកនៅក្នុងគណបក្សសាធារណរដ្ឋ បញ្ចេញប្រតិកម្មតប ដោយចោទប្រកាន់សេតវិមាន ថាព្យាយាមបិទបាំងស្ថានការណ៍ជាក់ស្ដែង៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here