បែកធ្លាយប្លង់ស្ថាបត្យកម្មអគារយក្សដ៏មហស្ចារ្យដែលអាចផ្ទុកមនុស្សបានរហូតដល់៩លាននាក់

0

ដោយៈ សុខុម

ក្រុងរីយ៉ាដ: វាពិតជាស្ទើរមិនគួរឱ្យជឿ ដែលអគារមួយសោះអាចផ្ទុកមនុស្សបានរហូតដល់ទៅ៩លាននាក់។ ទោះជាយ៉ាងណា វាជាការពិតនៃប្លង់ស្ថាបត្យកម្មអគារកញ្ចក់ ខ្នាតយក្សដ៏មហស្ចារ្យមួយ ដែលមានទំហំធំ និងវែងបំផុតក្នុងពិភពលោក។

យោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីពេលថ្មីៗនេះបានបញ្ចេញប្លង់ស្ថាបត្យកម្មដ៏អស្ចារ្យមួយ សម្រាប់គម្រោងនគរូបនីយកម្មប្រកបដោយមហិច្ឆតាធំរបស់ខ្លួន ដែលមានឈ្មោះថា The Line។

គម្រោងនេះគឺជាគម្រោងទីក្រុង ដែលមានអគារតែមួយគត់មានភូមិសាស្ត្រនៅតំបន់ឆ្នេរ តំបន់ភ្នំ និងវាលខ្សាច់។ អគារនេះមានរាងទ្រវែងដែលនឹងលាតសន្ធឹងប្រវែង រហូតដល់ទៅ១៧០,៦គីឡូម៉ែត្រ និងអាចផ្ទុកមនុស្សបានរហូតដល់ទៅ៩លាននាក់។

យោងតាមសេចក្ដីប្រកាសព័ត៌មានមួយឱ្យដឹងថា អគារនេះមានទទឹង២០០ម៉ែត្រ ប្រវែង១៧០,៦គីឡូម៉ែត្រ និងកម្ពស់ប្រមាណ៥០០ម៉ែត្រពីកម្រិតទឹកសមុទ្រ។

ផ្អែកតាមសារព័ត៌មាន Aljazeera ដែលបានចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៥ ខែកក្កដា ឱ្យដឹងថា គម្រោងសំណង់អគារនេះ នឹងត្រូវបានសាងសង់ក្រោមទុនវិនិយោគ មហាសាលរហូតដល់១ទ្រីលានដុល្លារអាមេរិកឯណោះ។

គម្រោងទីក្រុងបែបថ្ងៃអនាគតនេះ គឺជាចំណុចស្នូល នៃគម្រោងទីក្រុងឆ្លាតវៃ គ្មានកាបូនដែលមានឈ្មោះថា Neom របស់ព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman។

គម្រោងទីក្រុងឆ្លាតវៃគ្មានកាបូន ដែលតាមការអះអាថា មានទំហំធំប៉ុនរដ្ឋ Massachusetts របស់សហរដ្ឋអាមេរិក នេះគ្រោងចំណាយទុនវិនិយោគ រហូតដល់ទៅ៥០០ពាន់លានដុល្លារអាមេរិក បន្ថែមទៀត។

ក្រុមអ្នកជំនាញនៅពីក្រោយ ខន់សិបឌីហ្សាញនេះអះអាងថា គម្រោងអគារ The Line នឹងដំណើរការដោយថាមពលកកើតឡើងវិញ ទាំងស្រុង ហើយនឹងគ្មានផ្លូវថ្នល់ គ្មានរថយន្ត និងគ្មានការបំភាយឧស្ម័នកាបូននោះឡើយ។

សេចក្ដីប្រកាសព័ត៌មានដដែល បានអះអាងបន្ថែមទៀតថា ផ្លូវដែកល្បឿនលឿន នឹងភ្ជាប់ផ្នែកនីមួយៗនេះ នៃគម្រោងអគារ The Line។

ទោះជាយ៉ាងណា គ្មានសេចក្ដីលម្អិតថាតើគម្រោងយក្សនេះ នឹងចាប់ផ្ដើមនៅពេលណា និងបញ្ចប់នៅពេលណាឱ្យប្រាកដនោះឡើយ៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here