ហានិភ័យៈ គយរកឃើញផលិតផលចំណីអាហារមកពីប្រទេសចំនួន៣មានផ្ទុកសារធាតុបង្កជំងឺមហារីក

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​បានកំណត់​អត្តសញ្ញាណ​មី​កញ្ចប់ និង​ការ៉េម៣ ​ប្រភេទ​ ដែលមាន​ប្រភព​ ដើមពី​ប្រទេស​ថៃ វៀតណាម ​និង​បារាំង ដោយ​ដាក់​ការសង្ស័យថា ផ្ទុក​សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត ដែល​បង្ក​ហានិភ័យ​ជា​ជំងឺមហារីក ចំពោះ​អ្នកប្រើប្រាស់។

ស្ថាប័ននេះ ​បានប្រកាស​ដាក់ចេញ​វិធានការ​ បណ្តោះអាសន្ន​ភ្លាមៗកាលពីចុងសប្តាហ៍មុន។​

យោងតាមលិខិត​របស់​អគ្គនាយក​ដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា ​ដែល​បាន​ជម្រាបជូន​ប្រធាន​នាយកដ្ឋាន ​សាខា ​និង​ការិយា​ល័យ​​គយ ​និង​រដ្ឋាករ​ពាក់​ព័ន្ធ ចុះ​ថ្ងៃទី ២៩​ ខែ កក្កដា ​ឆ្នាំ​ ២០២២ ​បាន​លើកឡើងថា​ ថ្មីៗ​នេះ ​អាជ្ញាធរ​សុវត្ថិភាព​ម្ហូបអាហារ​ របស់​ប្រ​ទស​នៅ​សហគមន៍​អឺរ៉ុប​មួយចំនួន បាន​រកឃើញ​ផលិតផល​មី​កញ្ចប់ និង​ការ៉េម​មួយចំនួន​ មាន​ផ្ទុក​សំណល់​សារធាតុ​អេ​ទី​ឡែ​ន​អុកស៊ីត​ (Ethylene Oxide) ដែល​សហភាព​អឺរ៉ុប អាមេរិក ​និង​អង្គការ​សុខភាព​ពិភពលោក​ ចាត់ទុកជា​សារធាតុ​បង្ក​ហានិភ័យ​ជា​ជំងឺមហារីក​ចំពោះ​អ្នកប្រើប្រាស់។

លិខិត​បន្តថា ​ក្នុងន័យនេះ ​ដើម្បី​ចូលរួម​ការពារ​សុខភាព​សាធារណៈ សុវត្ថិភាព​ម្ហូបអាហារ និង​ការពារ​សុខុមាលភាព​អ្នកប្រើប្រាស់​ ស្ថាប័នគយ​ សូម​ធ្វើ​ការណែនាំ​វិធានការ​បណ្តោះអាសន្ន​មួយចំនួន​។ វិធានការ​ទាំងនោះ ​គឺ​ត្រូវ​កំណត់ ​ចាប់ពី​ថ្ងៃទី​១ ខែ សីហា ឆ្នាំ​ ២០២២ ​តទៅ រាល់​ការនាំចូល​ទំនិញ​ជា​មី​កញ្ចប់​ម៉ាក ​”Lucky Me!” ផលិត​នៅ​ប្រទេស​ថៃ មី​កញ្ចប់​ម៉ាក ​”Hao Hao” ផលិត​នៅ​ប្រទេស​វៀតណាម និង​ការ៉េម​ម៉ាក​ “Haagen-Dazs” (Vanilla) ផលិត​នៅ​ប្រទេស​បារាំង ត្រូវមាន​អម​មកជា​មួយ​នូវ​វិញ្ញាបនបត្រ​បញ្ជាក់ ​ការវិភាគ​សារធាតុ Ethylene Oxide ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ ​សុវត្ថិភាព​ម្ហូបអាហារ​នៃ​ប្រទេស​នាំចេញ។

ជាមួយគ្នានេះ ទំនិញ​ដែល​មកដល់​ដែន​គយ មុន​ថ្ងៃ​ទី១ ​ខែ សីហា ​ឆ្នាំ​ ២០២២ ​អ្នក​នាំចូល​ត្រូវ​ដក​សំណាក​ ទំនិញ​ធ្វើការ​វិភាគ​សារធាតុ អេ​ទី​ឡែ​ន​អុកស៊ីត​ នៅ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង​ និង​បង្ក្រាប​ការ​ក្លែងបន្លំ នៃ​ក្រសួង​ពាណិជ្ជកម្ម ​មុន​អនុញ្ញាតឱ្យ​បញ្ចេញ​ទំនិញពី​គយ។​

លិខិត​ដដែល​បន្តថា​ នាយកដ្ឋាន​សវនកម្ម ​ត្រូវធ្វើ​ការតាមដាន​ និង​វាយតម្លៃ​ហានិភ័យ ​លើ​ផលិតផល​ទាំងនេះ​ជាប្រចាំ ​ដើម្បី​លើក​វិធានការ​អនុវត្ត​ឱ្យបាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​។ មន្ដ្រី​គយ និង​រដ្ឋាករ​មាន​សម​ត្ថ​កិច្ច ត្រូវ​យកចិត្ត​ទុកដាក់​ផ្ទៀងផ្ទាត់​ព័ត៌មាន ​និង​ទិន្នន័យ ដែល​ប្រកាស​ក្នុង​ឯកសារ​ជាមួយនឹង​ទំនិញ​ជាក់ស្តែង​ ដើម្បី​ចៀសវាង​ការបន្លំ​ដោយ​គេចវេះ​ពី​វិធានការ​ជាយថាហេតុ

ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​(​ក​.​ប​.​ប​.) លោកផាន អូនបានប្រាប់សារព៌តមានមួយ​ថា ក្រោយ​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​ ផលិតផល​មី​កញ្ចប់​ដែល​ផ្ទុក​សា​រ​ធាតុ អេ​ទី​ឡែ​ន​អុកស៊ីត លោក​បានចាត់​មន្ត្រី​សាខា​ ក.ប.ប. ចុះ​ពិនិត្យ​នៅតាម​ទីតាំង​ផ្សារ​ទំនើប ផ្សារ​មិន​រៀបរយ និង​អ្នកលក់​នៅតាម​ផ្ទះ​នៅ​ទូទាំង​ប្រទេស។

លោក​បានឲ្យដឹងថា ​បន្ទាប់ពី​ចុះ​ស្រាវជ្រាវ​ អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ ជា​លទ្ធផល​បឋម ពុំបាន​រកឃើញ​ផលិតផល​មី និង​ការ៉េម ដូច​មាននៅ​ក្នុង​សេចក្តីជូនដំណឹង​ចរាចរ​ នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ឡើយ​ទេ”។

ទោះ​យ៉ាងណា​ លោក​បាន​បញ្ជាក់ថា ​ក្នុងករណី​រកឃើញ​ផលិតផល​ទាំងនោះ​ក្នុង​ទីផ្សារ​កម្ពុជា ​នឹង​ចាត់វិធានការ​ប្រមូលយក​ទាំងអស់ ​ចេញពី​ទីផ្សារ​ផងដែរ។ លោក​ថា ​ក្នុង​កិច្ចការ​នេះ ​លោក​បាន​ដាក់ចេញ​វិធានការ​ចំនួន​២ ជាបន្ទាន់​ដូចជា ធ្វើលិខិត​ស្នើសុំ​កិច្ចសហការ​ ពី​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា មាន​វិធានការ ​ដើម្បី​ណែនាំ​ដល់​ក្រុមហ៊ុន​នាំចូល​នានា ​ដែលមាន​ការពាក់ព័ន្ធ ​នឹង​ការ​នាំចូល​ផលិតផល ​ដូច​បាន​រៀបរាប់​ខាងលើ ​ដោយ​តម្រូវឱ្យ​ភ្ជាប់​វិញ្ញាបនបត្រ​បញ្ជាក់ ​ការវិភាគ​អវត្តមាន​ នៃ​សារធាតុ​អេ​ទី​ឡែន អុកស៊ីត ​(Ethylene Oxide) ពី​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​សុវត្ថិភាព​ម្ហូបអាហារ​នៃ​ប្រទេស​នាំចេញ។​

ជាមួយ​គ្នានេះ ​លោក​បាន​បញ្ជា​កម្លាំង ​មន្ត្រី​ជំនាញ​ក្រោម​ឱវាទឱ្យ​ចុះ​ត្រួតពិនិត្យ​តាម​បណ្តា​ឃ្លាំង​ស្តុក បណ្តា​ផ្សារ​មិន​រៀបរយ ផ្សារ​ទំនើប ​និង​ផ្ទះ​លក់ទំនិញ នៅ​គ្រប់​រាជធានី-​ខេត្ត ដើម្បី​ស្វែងរក​ផលិតផល​ទាំង​៣​ប្រភេទ​នោះ​ ប៉ុន្តែ​ពុំទាន់​រកឃើញ​នៅឡើយ​ទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here