ដោយ: លាងហួរ
ប៉េកាំង: ការស្ទង់មតិឯកជនមួយបានបង្ហាញនៅថ្ងៃចន្ទនេះថា ក្នុងខែកក្កដា ឆ្នាំ២០២២នេះ តម្លៃផ្ទះថ្មី និងបរិមាណលក់ នៅក្នុងប្រទេសចិនបានធ្លាក់ចុះ ប្រៀបធៀបនឹងកាលខែមុន។
តម្លៃផ្ទះថ្មីក្នុងទីក្រុងចំនួន១០០ បានធ្លាក់ចុះក្នុងអត្រា០,០១ភាគរយ ពីខែមិថុនា។ នេះបើយោងតាមការស្ទង់មតិពី China Index Academy ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យឯករាជ្យធំបំផុតមួយរបស់ប្រទេសចិន។
ក្នុងចំណោមទីក្រុងទាំង១០០ មានទីក្រុងចំនួន៤៧បានរាយការណ៍ពីការធ្លាក់ចុះនៃតម្លៃផ្ទះថ្មី។
យោងតាមសេចក្តីថ្លែងការណ៍ដាច់ដោយឡែក ពីក្រុមហ៊ុនស្រាវជ្រាវបានឱ្យដឹងថា ផ្ទៃដីសរុបនៃផ្ទះ ដែលត្រូវបានលក់នៅក្នុងទីក្រុងចំនួន១៧ ដែលតាមដានដោយ China Index Academy បានធ្លាក់ចុះ៣៣,៤ភាគរយ ពីមួយខែមុន។
សេចក្តីថ្លែងការណ៍ដដែលឱ្យដឹងថា តម្លៃផ្ទះនៅទីក្រុង Guangzhou ភាគខាងត្បូងបានធ្លាក់ចុះ៤៨ភាគរយ និងទីក្រុងប៉េកាំងបានធ្លាក់ចុះ៣៤ភាគរយ។
ចំណែកទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងតែប្រឈមមុខនឹងវិបត្តិបំណុលរួចស្រាប់ទៅហើយ ក្នុងចំណោមអ្នកអភិវឌ្ឍន៍ ស្របពេលអារម្មណ៍របស់អ្នកទិញផ្ទះធ្លាក់ចុះ និងត្រូវបានអង្រួនបន្ថែមទៀតដោយសារការធ្វើកូដកម្មមិនបង់ថ្លៃផ្ទះ ក្នុងប៉ុន្មានខែថ្មីៗនេះ។
ច្បាប់តឹងរ៉ឹងលើការខ្ចីប្រាក់ថ្មីបានកាត់បន្ថយយ៉ាងខ្លាំង នូវលទ្ធភាពទទួលបានដើមទុនថ្មី សម្រាប់អ្នកអភិវឌ្ឍន៍ ដែលនាំឱ្យមានការបញ្ឈប់ការសាងសង់ សម្រាប់គម្រោងរាប់រយនៅទូទាំងប្រទេសចិន៕