ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ អ្នកស្រីGrace Rachny Fong អគ្គនាយិកានៃក្រុមហ៊ុន Century 21 Cambodia បានលើកឡើងថា រហូតមកដល់ឆ្នាំ២០២២នេះ ទីផ្សារអចលនទ្រព្យកម្ពុជា ត្រូវបានមើលឃើញនិងវាយតម្លៃថា វិលទៅរកស្ថានភាពដូចមុនកូវីដ១៩ប្រមាណ៥០ភាគរយវិញ។
អ្នកស្រីអះអាងថា ចរន្តទិញលក់ ជួល ឃើញមានចរន្តនៃការទិញ លក់បានកម្រើកស្ទើរតែគ្រប់ផ្នែកឡើងវិញ។
-->
អ្នកស្រីGrace Rachnyបានមានប្រសាសន៍ឲ្យដឹងកាលពីព្រឹកថ្ងៃទី១ សីហានេះថា កាលពីឆ្នាំ២០១៨ និង២០១៩ ជាពេលវេលាមួយដែលវិស័យអចលនទ្រព្យកម្ពុជា មានសន្ទុះនិងរីកចម្រើនខ្លាំង ហើយចូលដល់ឆ្នាំ២០២០ វិស័យនេះក៏ត្រូវបានស្ងប់ស្ងាត់ និងបានឡើងបន្តិចវិញនៅឆ្នាំ២០២១ ហើយមកដល់ឆ្នាំ២០២២នេះឃើញថា វាក៏បានបន្តងើបឡើងទៀត ដោយអាចវាយតម្លៃថាបានប្រមាណ៥០ភាគរយវិញហើយ ។

អ្នកស្រីបន្តថា “ការបញ្ជាទិញអចលនទ្រព្យ ពីខាងក្រៅប្រទេសក្នុងឆ្នាំ២០២២ក៏ឃើញថា មានសកម្មភាពរីកចម្រើនជាងឆ្នាំ២០២០ និងឆ្នាំ២០២១កន្លងទៅ”។ អ្នកស្រីបន្តថា “ធនាគារជាច្រើនក៏បានបន្តគាំទ្រដល់វិស័យអចលនទ្រព្យ ដូចជាកម្ចីសម្រាប់ទិញផ្ទះ ខុនដូ ដែលធ្វើឱ្យអ្នកអភិវឌ្ឍន៍បន្តអភិវឌ្ឍន៍សម្រាប់ផ្គត់ផ្គង់ដល់អតិថិជនរបស់ខ្លួន”។
ទាំងនេះបានធ្វើឱ្យធនាគារ និងហិរញ្ញវត្ថុកម្ពុជា មានកំណើនឥណទានទៅលើសំណង់ និងអចលនទ្រព្យ ។
អ្នកស្រីGrace Rachny បានបន្ថែមថា សញ្ញាវិជ្ជមាននៃទីផ្សារអចលនទ្រព្យ ក្នុងប្រទេសកម្ពុជានាពេលនេះ គឺជាឱកាសសម្រាប់ក្រុមហ៊ុនអចលនទ្រព្យពង្រីក និងត្រៀមខ្លួនក្នុងការស្វាគមន៍វិនិយោគិន មកពីខាងក្រៅប្រទេសនៅពេលឆាប់ៗនេះ។ ជាក់ស្ដែងក្រុមហ៊ុនរបស់អ្នកស្រីបានត្រៀមខ្លួន ក្នុងការស្វែងរកភ្នាក់ងារបន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលពួកគាត់ឱ្យមានចំណេះជំនាញលើវិស័យអចលនទ្រព្យ ។

អ្នកស្រីបញ្ជាក់ថា “ការត្រៀមធនធានមនុស្សឱ្យរួចជាមុន គឺជាផ្ដល់ទំនុកចិត្តដល់វិនិយោគិន មកពីខាងក្រៅប្រទេស ហើយនឹងអាចទាក់ទាញការវិនិយោគពីខាងក្រៅ កាន់តែច្រើនបន្ថែមទៀតនៅពេលខាងមុខ”។អ្នកស្រីបន្តថា “អ្វីដែលពិសេសនោះគឺកម្ពុជា នឹងមានធនធានមនុស្សក្នុងវិស័យនេះកាន់តែច្រើន និងរឹងមាំអាចអភិវឌ្ឍន៍ប្រទេសយើង បានកាន់តែរីកចម្រើនផងដែរ”។
ជាការកត់សម្គាល់ បន្ទាប់ពីស្ថានភាពកូវីដ១៩ នៅក្នុងប្រទេសបានធូរស្រាលបន្តិច អ្នកវិនិយោគក្នុងស្រុកជាច្រើន បានបញ្ចេញទុនរបស់ខ្លួនអភិវឌ្ឍន៍គម្រោងជាបន្តបន្ទាប់ ដូចជា គម្រោងលំនៅឋាន ទាំងលំនៅឋានតម្លៃសមរម្យ និងលំនៅឋានតម្លៃខ្ពស់សម្រាប់អ្នកមាន ដែលធ្វើឱ្យសកម្មភាពនៃការសាងសង់ក្នុងឆ្នាំ២០២២នេះ មានសកម្មភាពឡើងវិញ ជាពិសេសគម្រោង ដែលផ្អាកដំណើរការកាលពីវិបត្តិ ក៏បានដំណើរការឡើងវិញផងដែរ៕