ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្រសួងបានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការផ្ដល់សេវាផ្គត់ផ្គត់ទឹកស្អាតនិងអនាម័យឱ្យបាន១០០ភាគរយ នៅត្រឹមឆ្នាំ២០២៥ ដើម្បីឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងឱ្យស្របតាមផែនការយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលផងដែរ។
លោកជ្រុន ថេរ៉ារ៉ាត់ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ឱ្យដឹងក្នុងសន្និសីទសារព៌តមាន ដែលបានរៀបចំដោយអង្គភាពប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្រ្តីកាលពីព្រឹកថ្ងៃទី១ សីហាកន្លងមកថា ក្រសួងអភិវឌ្ឍន៍ជនបទ មានការតាំងចិត្តខ្ពស់ ក្នុងការធ្វើឱ្យបានសម្រេចតាមបំណងប្រាថ្នា ក្នុងការលើកកម្ពស់អនាម័យជនបទ ទៅលើយុទ្ធសាស្ត្រ សេវាទឹកស្អាត និងអនាម័យជនបទ ឱ្យមានភាពប្រសើរឡើងនៅត្រឹមឆ្នាំ ២០២៥ គឺ១០០ភាគរយ នៅទូទាំងប្រទេស ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជីវភាព រស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងបរិស្ថាន។
លោកបន្តថា “ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ រាជរដ្ឋាភិបាលបានរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពី ការផ្គត់ផ្គង់ទឹកស្អាត និងការលើក កម្ពស់អនាម័យនៅជនបទឆ្នាំ២០១៤-២០២៥”។ លោកបន្តថា “ផែនការយុទ្ឋ
សាស្រ្តនេះ ធ្វើឡើងក្នុងគោលបំណងធ្វើឱ្យសេវាទឹកស្អាត សុខភាព និងអនាម័យនៅជនបទមានភាពប្រសើរឡើង និងប្រកបដោយនិរន្តរភាពដើម្បីរួមចំណែកគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការលើក កម្ពស់សុខភាពនិងអាហារូបត្ថម្ភ”។
លោកជ្រុន ថេរ៉ារ៉ាត់បានាបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទប្រើគ្រប់មធ្យោបាយ គ្រប់វិធីដើម្បីកៀរគរអង្គការជាតិ និងអន្តជាតិ ដៃគូអភិវឌ្ឍន៍វិស័យឯកជនជាច្រើន ដើម្បីចូលរួមចំណែកឱ្យអស់សក្តានុពល សំដៅធ្វើយ៉ាងណាឱ្យផែនការចក្ខុវិស័យរបស់យើង ឈានទៅសម្រេចបាន៩០ភាគរយនៅឆ្នាំ២០២៣ និង១០០ភាគរយនៅឆ្នាំ២០២៥ ការផ្គត់ផ្គងទឹកស្អាតនិងអនាម័យជនបទ។
លោកបន្ថែមថា ចំពោះស្ថានភាពបច្ចុប្បន្ន គឺមានការល្អប្រសើរឡើងនៅតាមជនបទរបស់យើង មកដល់ពេលនេះ គឺយើងមានមោទនភាព ក្នុងការសម្រេចបានតាមផែនការរបស់យើង ចំពោះវិស័យទឹកស្អាត និងអនាម័យ នៅទូទាំងប្រទេសមានរហូតដល់ជាង៨០ភាគរយហើយ ។
លោកឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក៏បានលើកឡើងផងដែរថា រដ្ឋាករទឹកបានដោះស្រាយជាជំហានៗ ក្នុងការផ្ដល់ទឹកស្អាតជូនពលរដ្ឋ ជាពិសេសនៅតំបន់ជាយក្រុង ហើយនៅពាក់កណ្ដាលឆ្នាំក្រោយ ឬចុងឆ្នាំក្រោយ រដ្ឋាករទឹកមានទឹកស្អាតកាន់តែច្រើន ក្នុងការផ្ដល់ជូនពលរដ្ឋ ពីព្រោះអាងប្រព្រឹត្តិកម្មទឹកស្អាត ដែលកំពុងសាងសង់នៅបាក់ខែងដំណាក់ទី១និងទី ២នឹងរួចរាល់នៅពេលឆាប់ៗនេះ និងមានសមត្ថភាពផលិតទឹកបានរាប់សិបម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ។
បើតាមរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញថា ការខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ពលរដ្ឋ ជាពិសេសពលរដ្ឋនៅជាយក្រុង គឺដោយសារតែកំណើនអគារខ្ពស់ៗ នៅកណ្ដាលក្រុង កំណើនសំណង់អគារ កំពុងសាងសង់នៅក្នុងក្រុងកាន់តែច្រើន ដែលមានតម្រូវការប្រើប្រាស់ទឹកច្រើន សម្រាប់ប្រើប្រាស់ ដូច្នេះហើយ ទើបធ្វើឱ្យសម្ពាធទឹក នៅតំបន់ជាយក្រុងចុះខ្សោយ។ តែយ៉ាងណាក្ដីមកដល់ពេលនេះ ពលរដ្ឋមួយចំនួនធំនៅជាយក្រុង មានទឹកប្រើប្រាស់ឡើងវិញហើយ ទោះបីជាសម្ពាធទឹកមិនទាន់ខ្លាំង ដូចនៅកណ្ដាលក្រុងក្ដី៕