ដោយៈ សុផារី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ឧស្សាហកម្មធនាគាររបស់ប្រទេសកម្ពុជា ទទួលបានកំណើនដ៏រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។
ដោយៈ សុផារី
ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា (NBC) បានឱ្យដឹងថា ឧស្សាហកម្មធនាគាររបស់ប្រទេសកម្ពុជា ទទួលបានកំណើនដ៏រឹងមាំទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២២។
យោងតាមរបាយការណ៍ចុងក្រោយ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រាក់កម្ចីឆ្នើម (Outstanding loans) បានកើនឡើង២៣,៤ភាគរយ ធៀបនឹងឆ្នាំមុន ដល់៥១,៥ពាន់លានដុល្លារត្រឹមខែមិថុនាឆ្នាំនេះ ខណៈប្រាក់បញ្ញើរបស់អតិថិជន បានកើនឡើង១៦ភាគរយ ដល់៤២ពាន់លានដុល្លារ។
ប្រាក់កម្ចីនេះ ត្រូវបានផ្តល់ទៅឱ្យវិស័យសំខាន់ៗ ដូចជា វិស័យពាណិជ្ជកម្ម លំនៅឋាន សំណង់ កសិកម្ម សណ្ឋាគារ និងភោជនីយដ្ឋាន និងវិស័យកាម្មន្តសាល ក្នុងចំណោមវិស័យផ្សេងទៀត ដោយបន្ថែមថា កម្ចីមិនដំណើរការ Non-Performing Loans (NPLs) នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា ស្ថិតក្នុងអត្រាដែលអាចគ្រប់គ្រងបានចំនួន២,៦ភាគរយ និង២,៣ភាគរយ។
របាយការណ៍បាននិយាយថា ទ្រព្យសកម្មបច្ចុប្បន្ន នៅក្នុងប្រព័ន្ធធនាគាររបស់ប្រទេសអាស៊ីអាគ្នេយ៍ បានកើនឡើងដល់៧៥,២ពាន់លានដុល្លារ ត្រឹមខែមិថុនា ឆ្នាំ២០២២ កើនឡើង១៧,២ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០២១។
ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា បច្ចុប្បន្នកម្ពុជាមានធនាគារពាណិជ្ជចំនួន៥៨ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៦ ដែលមានការិយាល័យកណ្តាល និងសាខាសរុបចំនួន ២.៦១៤ ព្រមទាំងម៉ាស៊ីនអេធីអឹមចំនួន៣.៩៩៨គ្រឿងនៅទូទាំងប្រទេស។
ធនាគារជាតិនៃកម្ពុជាបានបន្ថែមថា បច្ចុប្បន្នមានគណនីបញ្ញើចំនួន១៣,២លាន និងគណនីឥណទានចំនួន៣,៥លាន នៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា៕