រដ្ឋាភិបាលទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹម៥,៤ភាគរយសម្រាប់ឆ្នាំនេះ

0

ដោយៈ សុខុម

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបថ្លែងនៅថ្ងៃអង្គារ ទី២ ខែសីហា នេះថា ប្រទេសកម្ពុជា បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ឆ្នាំ២០២២ មកត្រឹម៥,៤% បើធៀបនឹងការព្យាករមុននេះ៥,៦%ដោយសារតែផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានប្រសាសន៍ថា កំណើនសេដ្ឋកិច្ចនៅកម្ពុជា នឹងធ្លាក់ចុះមកត្រឹម៥,៤%ក្នុងឆ្នាំ២០២២ នេះ ដោយផលទុនជាតិសរុប (GDP) រំពឹងថានឹងមានចំនួនសរុបប្រមាណ៣០ពាន់លានដុល្លារអាមេរិក។

កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ភាគច្រើនសម្រេចបានដោយសារការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរផ្សេងៗទៀត និងវិស័យទេសចរណ៍ សំណង់ និងកសិកម្ម។

លោកមាស សុខសេនសានបានថ្លែងបន្តថា សម្រាប់ឆ្នាំ២០២២ វិស័យឧស្សាហកម្ម ជាពិសេសកាត់ដេរ និងសំណង់ត្រូវបានរំពឹងថានឹងសម្រេចបានកំណើន៩% វិស័យសេវាកម្ម (ទេសចរណ៍ ដឹកជញ្ជូន និងទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ) នឹងសម្រេចបានកំណើន៤,៣% ហើយកសិកម្មនឹងសម្រេចបានកំណើន០,៧%។

អ្នកនាំពាក្យដដែលឱ្យដឹងទៀតថា អតិផរណារបស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងដល់៥% បើធៀបនឹងការព្យាករមុននេះ៣%។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា អតិផរណានេះគឺស្ថិតក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។

លោកក៏បានលើកឡើងដែរថា រដ្ឋាភិបាលបានបម្រុងទុកកញ្ចប់ថវិកាជំរុញសេដ្ឋកិច្ចចំនួន៩៨៩លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២ ដើម្បីដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ច និងសង្គមដែលបង្កឡើងដោយវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងពីបំណុលសាធារណៈរបស់កម្ពុជាផងដែរ ដោយលោកមានប្រសាសន៍ថា បំណុលសាធារណៈដែលកម្ពុជា ជំពាក់បរទេសនាពេលបច្ចុប្បន្នមានចំនួន៩,៨១ពាន់លានដុល្លារអាមេរិក។

លោកបានធ្វើការកត់សម្គាល់ថា បំណុលសាធារណៈដែលកម្ពុជា ជំពាក់បរទេសឥឡូវនេះ គឺស្ថិតនៅចន្លោះពី៣៣% ទៅ៣៥%នៃផលទុនជាតិសរុប (GDP) របស់កម្ពុជា ដូច្នេះវាគ្មានអ្វីគួរឱ្យព្រួយបារម្ភនោះទេ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here