ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ បានលើកជាយោបល់ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមចំនួនពីរ ដោយបានស្នើឱ្យរដ្ឋមន្ត្រីការបរទេស អាស៊ានពិចារណា និងផ្តល់ការគាំទ្រ នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ។
គំនិតផ្តួចផ្តើមទីមួយ គឺការដោះស្រាយចំពោះការគំរាមកំហែងដល់ភាពរស់រាននៃជីវិត នៅក្នុងតំបន់ និងពិភពលោក ដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងការខូចខាតផ្នែកបរិស្ថាន។ រហូតមកដល់ពេលនេះ អាស៊ានបាននិងកំពុងដាក់ចេញនូវដំណោះស្រាយ ជាគោលនយោបាយជាច្រើន ប៉ុន្តែការឆ្លើយតបរបស់យើងហាក់នៅផ្តោតតែលើវិស័យជាក់លាក់ និងខ្វះការសម្របសម្រួលរវាងគ្នា។
សម្តេចតេជោបានមានប្រសាសន៍ថា អាស៊ានចាំបាច់ត្រូវជំរុញកិច្ចការនេះបន្ថែមទៀត តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវលក្ខខណ្ឌថ្នាក់ជាតិផ្សេងៗ ដើម្បីផ្ដល់ជាវេទិកា សម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅ។
សម្តេចបានមានប្រសាសន៍បន្តថា “ជាការប្រសើរ ប្រសិនបើអាស៊ានអាចពិចារណាលើគំនិតផ្តួចផ្តើមបង្កើតក្របខណ្ឌធំទូលាយមួយ ដែលខ្ញុំសូមហៅថាជា “កិច្ចព្រមព្រៀងបៃតងអាស៊ាន” (ASEAN Green Deal) សំដៅអនុញ្ញាត ឱ្យតំបន់របស់យើងអាចប្រែខ្លួនបន្តិចម្ដងៗ ឆ្ពោះទៅកាន់អនាគតបៃតងមួយ ដែលមានចីរភាព ការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងក្នុងផ្នែកសេដ្ឋកិច្ច កិច្ចព្រមព្រៀងបៃតងអាស៊ាននេះ នឹងអាចគ្របដណ្តប់ទៅលើវិស័យជាច្រើន ដូចជា ហេដ្ឋារចនាសម្ព័ន្ធ ថាមពល កម្មន្តសាល ការប្រើប្រាស់ កសិកម្ម ការដឹកជញ្ជូន បរិស្ថាន និងហិរញ្ញវត្ថុ ដោយមានបច្ចេកវិទ្យា នវានុវត្តន៍ និងការកែច្នៃដើម្បីប្រើប្រាស់ឡើងវិញ បំពេញតួនាទីជាកត្តាជំរុញ”។
គំនិតផ្តួចផ្តើមទីពីរ គឺពាក់ព័ន្ធនឹងវិធានការ ដើម្បីស្តារ និងងើបចេញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព។ អាស៊ានបានឯកភាពអនុវត្តគំនិតផ្តួចផ្តើម និងកម្មវិធីនានា ក្រោមយុទ្ធសាស្ត្រធំទាំង៤ នៃក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន។
សម្តេចតេជោបានថ្លែងថា “ស្របតាមយុទ្ធសាស្ត្រធំទី៣ ដែលសំដៅបង្កើនជាអតិបរមានូវសក្តានុពលនៃទីផ្សារអន្តរអាស៊ាន និងសមាហរណកម្មសេដ្ឋកិច្ច ដែលទូលំទូលាយជាងមុន ខ្ញុំជឿថាយើងត្រូវការជាចាំបាច់នូវលេខាធិការដ្ឋានដាច់ដោយឡែកមួយឱ្យបានឆាប់បំផុត ដើម្បីសម្របសម្រួលការ អនុវត្តប្រកបដោយប្រសិទ្ធភាព នូវកិច្ចព្រមព្រៀងអាសិប (RCEP) ដែលបានចូលជាធរមាន កាលពីខែមករាកន្លងទៅនេះ”។
សម្តេចបានថ្លែងបន្តថា “កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះនៃ លេខាធិការដ្ឋានអាសិបនេះ ហើយថែមទាំងបានកំណត់ទីតាំងរួចជាស្រេចសម្រាប់លេខាធិការដ្ឋានអាសិបនេះ នៅរាជធានីភ្នំពេញ និង បាននិងកំពុងរៀបចំគម្រោងសំណើលម្អិតទៀតផង។ ខ្ញុំសង្ឃឹមថា កម្ពុជាអាចទទួលបានការគាំទ្រពីប្រទេសសមាជិកអាស៊ាន ក៏ដូចជាប្រទេសជាសមាជិកផ្សេងទៀតនៃកិច្ចព្រមព្រៀងអាសិប នៅពេលដែលកម្ពុជាដាក់សំណើនេះជាផ្លូវការ”៕