សម្តេចតេជោ ហ៊ុន សែន៖ ប្រទេសចំនួនប្រាំមួយទៀតនឹងចុះហត្ថលេខាចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ នៅរសៀលថ្ងៃនេះ

0

ដោយ៖ សុផារី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន បានថ្លែងថា ប្រទេសចំនួនប្រាំមួយបន្ថែមទៀត នឹងចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២នេះ។

សម្តេចតេជោ បានថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ថា ចំពោះទំនាក់ទំនងខាងក្រៅ ដើម្បីបង្កើតភាពជាដៃគូផ្លូវការ អាស៊ានបានទទួលសំណើកាន់តែច្រើនឡើងពីបណ្ដាប្រទេសនានា។

សម្តេចតេជោបានបញ្ជាក់ថា នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ប្រទេសចំនួនប្រាំមួយបន្ថែមទៀត នឹងចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ក្រោយទទួលយកចក្រភពអង់គ្លេសជាដៃគូសន្ទនាទី១១ និងដំឡើងកម្រិតទំនាក់ទំនងជាមួយ ប្រទេសចិន និងអូស្ត្រាលី ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានបន្តថា កាលពីឆ្នាំមុន អាស៊ានបានទទួលយកចក្រភពអង់គ្លេសជាដៃគូសន្ទនាទី១១ ហើយអាស៊ានក៏បានដំឡើងកម្រិតទំនាក់ទំនងជាមួយ ប្រទេសចិន និងអូស្ត្រាលី ឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ខណៈដែលប្រទេសដៃគូសន្ទនាមួយចំនួនទៀត ក៏មានគោលបំណងសម្រេចឱ្យបាននូវកម្រិតទំនាក់ទំនងដូចគ្នានៅក្នុងឆ្នាំនេះផងដែរ។

សម្តេចបន្ថែមថា “កាលពីខែឧសភាកន្លងទៅ យើងបានចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ប្រកបដោយភាពជោគជ័យ នៅរដ្ឋធានីវ៉ាស៊ីនតោន ហើយយើងក៏កំពុងទន្ទឹងរង់ចាំចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន សហភាពអឺរ៉ុប នៅទីក្រុងប្រ៊ូចសែល នាចុងឆ្នាំនេះផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here