ដោយ៖ សហការី
ភ្នំពេញ៖ ដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់នៅពេលនេះបានធ្វើឱ្យ លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនចេញថ្លែងសារ ដោយហៅករណីនេះថាជា “ការរំលោភបំពានអធិបតេយ្យភាពចិន” ខណៈរដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន រំពឹងថាអាចនឹងគ្រប់គ្រង ឬបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនបាន។
ចិនបានចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី មកកាន់កោះតៃវ៉ាន់ជាទង្វើបង្កហេតុ ហើយបានប្រកាសធ្វើសមយុទ្ធយោធាឡោមព័ទ្ធតៃវ៉ាន់ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែសីហានេះ។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិន ថ្លែងសារអំពីករណីដែលអាមេរិក រំលោភបំពានអធិបតេយ្យភាព របស់ប្រទេសចិន ថា “លោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិកបានទៅបំពេញទស្សនកិច្ច នៅតំបន់តៃវ៉ាន់របស់ចិនយ៉ាងគឃ្លើន ដោយមិនអើពើនឹងការតវ៉ាយ៉ាងម៉ឺងម៉ាត់របស់ភាគីចិន”។
លោក Wang Yi បានហៅដំណើរមកដល់នេះថាជា ទង្វើដែលបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ចិនតែមួយ បំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពចិន ដែលជាការបង្កហេតុនយោបាយទាំងចំហ ហើយបានញ៉ាំងឱ្យប្រជាជនចិន ខឹងសម្បាយ៉ាងខ្លាំង និងធ្វើឱ្យសហគមន៍អន្តរជាតិប្រឆាំងជាទូទៅ។
លោកបានសង្កត់ធ្ងន់ថា “អាមេរិកកុំស្រមើស្រមៃថា ចង់រារាំងបុព្វហេតុបង្រួបបង្រួមជាតិរបស់ប្រទេសចិនឱ្យសោះ។ តៃវ៉ាន់ជាចំណែកមួយរបស់ចិន ការសម្រេចការបង្រួបបង្រួមជាតិទាំងស្រុង ជាភាពចាំបាច់នៃប្រវត្តិសាស្រ្ត។ បញ្ហាតៃវ៉ាន់កើតឡើងដោយសារ ភាពទន់ខ្សោយនៃប្រទេសកាលនោះ តែវាមុខជានឹងត្រូវបានដោះស្រាយទន្ទឹមគ្នា នឹងការស្តារភាពរុងរឿង នៃប្រជាជាតិឡើងវិញជាក់ជាមិនខាន”។
លោកបន្តទៀតថា “អាមេរិកកុំស្រមើស្រមៃពីការបំផ្លាញ ការស្តារនិងអភិវឌ្ឍរបស់ប្រទេសចិនឱ្យសោះ។ អាមេរិកកុំស្រមើស្រមៃពីការលេងល្បែង ប្រកួតប្រជែងភូមិសាស្ត្រឱ្យសោះ។ អាមេរិកកុំស្រមើស្រមៃពីការប្រែសទៅជាខ្មៅឱ្យសោះ។ អាមេរិកអះអាងថាភាគីចិនបាននិងកំពុង ធ្វើឱ្យស្ថានការណ៍ឡើងកម្តៅ ប៉ុន្តែការពិតគឺភាគីអាមេរិកជាអ្នកបង្កហេតុ មុនគេលើបញ្ហាតៃវ៉ាន់។ ភាគីអាមេរិកនៅបានអះអាងទៀតថា ប្រទេសចិនស្វែងរកការបង្រួបបង្រួមជាតិ ជាការគំរាមកំហែងចំពោះតៃវ៉ាន់ ក៏ប៉ុន្តែបញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ចិនសុទ្ធសាធ”។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន រំពឹងថាអាចនឹងគ្រប់គ្រង ឬបន្ធូរបន្ថយភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន ដែលដុតបញ្ឆេះ ឡើងដោយដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់ ដើម្បីកុំឱ្យផ្ទុះជាជម្លោះ ឬវិបត្តិណាមួយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែសីហានេះ។
នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយ កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក ចន ឃឺប៊ី បានហៅដំណើរទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី នៅតៃវ៉ាន់នេះថា “មិនបានបំពានអធិបតេយ្យរបស់ចិនទេ” ហើយ “មិនមែនជាការផ្លាស់ប្ដូរគោលនយោបាយចិនតែមួយ” របស់សហរដ្ឋអាមេរិកនោះដែរ។
លោកលើកឡើងថា “អ្វីដែលយើងមិនចង់ឃើញ នោះគឺការផ្ទុះជម្លោះ ឬវិបត្តិ ណាមួយ ហើយវាក៏គ្មានហេតុផលណាមួយត្រូវបង្កជម្លោះនោះដែរ”៕