ដោយៈ សុខុម
ញូវយ៉ក: ពេលនេះ សហរដ្ឋអាមេរិក ដែលជាមហាអំណាចសេដ្ឋកិច្ចទី១ របស់ពិភពលោកកំពុងតែមានវិបត្តិជាប់ផុង ក្នុងបំណុលដែលពិបាកនឹងរើខ្លួនរួច ខណៈបំណុលគ្រួសារពលរដ្ឋក្នុងប្រទេសនេះ បានកើនលើស១៦ទ្រីលានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០២ ខែសីហា។
យោងតាមរបាយការណ៍របស់ធនាគារកណ្ដាលអាមេរិក (Federal Reserve) បានបង្ហាញក្នុងថ្ងៃដដែលថា បំណុលគ្រួសារពលរដ្ឋក្នុងប្រទេសនេះបានកើនឡើងខ្ពស់ មិនធ្លាប់មានរហូតដល់១៦,១៥ទ្រីលានដុល្លារ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២២។
នោះគឺដោយសារតែកំណើន២០៧ពាន់លានដុល្លារ នៅក្នុងសមតុល្យឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) រួមជាមួយនឹងការកើនឡើងនូវបំណុលប័ណ្ណឥណទាន និងឥណទានរថយន្ត (កម្ចីទិញរថយន្ត) ក្នុងគ្រាដែលពលរដ្ឋអាមេរិក បង្កើនការខ្ចីបុលដើម្បីទប់នឹងអតិផរណាដែលហក់ឡើង។
របាយការណ៍ដដែលបង្ហាញថា បំណុលកម្ចីទិញផ្ទះ បានកើនឡើងដល់១១,៣៩ទ្រីលានដុល្លារ គិតត្រឹមដំណាច់ខែមិថុនា ហើយភាគច្រើននៃការកើនឡើងនេះ បណ្ដាលមកពីការកើនឡើងកាន់តែខ្ពស់នូវចំនួនកម្ចី។
ធនាគារកណ្តាលអាមេរិក បានចាប់ផ្តើមដំឡើងអត្រាការប្រាក់កាលពីខែមីនា ដើម្បីទប់សេដ្ឋកិច្ចដែលបានដាំក្បាលចុះ ដោយសារវិធានការបិទខ្ទប់ និងវិធានការការពារផ្សេងៗទៀត។
ចាប់តាំងពីពេលនោះមក អតិផរណាដែលហក់ឡើងខ្ពស់ មិនធ្លាប់មានក្នុងពេល៤ទសវត្សរ៍មកនេះ បានបង្ខំឱ្យក្រុមអ្នកបង្កើតគោលនយោបាយដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្ដាលអាមេរិក ចំនួន២២៥ពិន្ទុ។ បច្ចុប្បន្នអត្រាការប្រាក់នេះ គឺស្ថិតក្នុងគោលដៅដំឡើងឱ្យដល់ចន្លោះ២,២៥%ទៅ២,៥០%។
យោងតាមការព្យាករ អត្រាការប្រាក់នឹងត្រូវដំឡើងបន្ថែមទៀត នៅឆ្នាំនេះ ខណៈធនាគារកណ្ដាលអាមេរិក ព្យាយាមទប់អតិផរណាដែលកំពុងធ្វើឱ្យពលរដ្ឋអាមេរិក ទូទៅជួបការលំបាកខ្លាំង។
ធនាគារកណ្តាលអាមេរិក បានបញ្ជាក់ថា សមតុល្យបំណុលគ្រួសារសរុបរបស់សហរដ្ឋអាមេរិក នៅពេលនេះមានចំនួនខ្ពស់ជាង២ទ្រីលានដុល្លារ បើធៀបនឹងត្រីមាសទី៤ ចុងឆ្នាំ២០១៩៕ Reuters៕