ដោយៈ សុខុម
ហាណូយ: រដ្ឋមន្ត្រីក្រសួងសំណង់ នៃប្រទេសវៀតណាម លោក Nguyen Thanh Nghi កាលពីថ្ងៃច័ន្ទបានស្នើសុំឱ្យរដ្ឋ ជួយសាងសង់ផ្ទះចំនួន១លានខ្នងសម្រាប់កម្មករ និងពលរដ្ឋដែលមានប្រាក់ចំណូលទាបនៅឆ្នាំ២០៣០។
ក្នុងសន្និសីទស្តីពីផ្ទះសង្គមកិច្ច លោក Nguyen Thanh Nghi បានស្នើឱ្យក្រសួងសំណង់ រៀបចំផែនការសាងសង់ផ្ទះសង្គមកិច្ច សម្រាប់កម្មករ និងពលរដ្ឋក្រីក្រ ដើម្បីដាក់ជូនឱ្យរដ្ឋាភិបាលអនុម័ត។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីរូបនេះបានស្នើឱ្យបណ្ដាខេត្ត និងក្រុងផ្តល់ទិន្នន័យពាក់ព័ន្ធក្នុងខែនេះ ដើម្បីបន្តអនុវត្តផែនការនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។
លោកលើកឡើងថា ច្បាប់មួយចំនួនចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីដាក់បញ្ចូលគោលនយោបាយជាក់លាក់ បន្ថែមទៀតលើដីសម្រាប់ផ្ទះសង្គមកិច្ច បណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ យន្តការគាំទ្រនានារបស់រដ្ឋាភិបាល និងផ្សេងៗទៀត។
លោកធ្វើការកត់សម្គាល់ថា បណ្ដាប្រទេសផ្សេងទៀត ដូចជា កូរ៉េខាងត្បូង ចិន និងសិង្ហបុរី បានជួយគាំទ្រដល់ការសាងសង់លំនៅដ្ឋាន សម្រាប់ជួលតាមរយៈវិធីសាស្ត្រខុសៗគ្នាជាច្រើន។
លោកលើកឡើងទៀតថា នៅប្រទេសវៀតណាម ការសាងសង់ផ្ទះសង្គមកិច្ច បានប្រឈមនឹងឧបសគ្គ ទាក់ទិនលក្ខខណ្ឌនៃការវិនិយោគ និងនីតិវិធីលក់។
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានថ្លែងថា ប្រទេសភាគច្រើនមានផ្ទះសង្គមកិច្ច ដូចជាសម្រាប់ជួលជាដើម។
លោកគូសបញ្ជាក់ថា “កម្មករគ្មានលទ្ធភាពទិញផ្ទះទេ បើពួកគេទើបតែចាប់ផ្ដើមមានការងារធ្វើ។ នោះហើយជាមូលហេតុ ដែលរដ្ឋផ្ដល់ជម្រើសដូចជាជួល និងទិញបង់រំលស់ជាដើម”៕ VN Express៕