ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២នេះ កម្ពុជាបាននិងកំពុងធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន និងប្រទេសជាដៃគូ ពិសេសនៅខែវិច្ឆិកាខាងមុខ កម្ពុជានឹងរៀបចំកិច្ចប្រជុំកំពូលមេដឹកនាំអាស៊ាន ដែលរំពឹងថានឹងមានមេដឹកនាំមហាអំណាចធំៗ ជាច្រើននឹងចូលរួម។
ក្នុងសប្ដាហ៍នេះ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងដៃគូ អាស៊ានក៏បានចាប់ផ្ដើមធ្វើឡើងនៅរាជធានីភ្នំពេញ។ នៅក្នុងកិច្ចប្រជុំអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំនេះ រំពឹងថានឹងនាំវិនិយោគិនពីបណ្ដាប្រទេសអាស៊ាន និងវិនិយោគិនមកពីប្រទេសផ្សេងទៀត ជាដៃគូរបស់អាស៊ាន ។
អ្នកស្រីអាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍ឱ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ាន នឹងនាំការវិនិយោគថ្មីៗ ពីបណ្ដាប្រទេសអាស៊ាន និងប្រទេសជាដៃគូចូលមកកម្ពុជាបន្ថែមទៀត ជាក់ស្ដែងកាលពីជាង១០ឆ្នាំមុន វិនិយោគិនបរទេសមួយចំនួនមិនទាន់ស្គាល់កម្ពុជាច្បាស់នៅឡើយ ប៉ុន្តែក្រោយកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់កាលពីឆ្នាំ២០១២កន្លងទៅ ឃើញថាវិនិយោគិនបរទេស ជាច្រើនចាប់ផ្ដើមស្គាល់កម្ពុជាកាន់តែច្រើន ហើយនៅអំឡុងឆ្នាំ២០១៤ ក៏មានវិនិយោគិនបរទេសកាន់តែច្រើន ចូលមករកការវិនិយោគនៅក្នុងប្រទេសកម្ពុជា។
អ្នកស្រីបន្តថា “ឆ្នាំ២០២២នេះ ក៏អាចនឹងដូចឆ្នាំ២០១២កន្លងទៅដែរ វិនិយោគិនបរទេស នឹងកាន់តែស្គាល់ពីកម្ពុជា តាមរយៈកម្ពុជាធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនទៀត”។អ្នកស្រីបន្តថា “ដូច្នេះកម្ពុជានឹងកាន់តែល្បីនៅលើឆាកអន្តរជាតិ កម្ពុជាមានអ្វីដែលវិនិយោគិនកាន់តែពេញចិត្ត និងចង់ចូលមកវិនិយោគ ដូចជាច្បាប់គតិយុត្តិមួយចំនួន ច្បាប់វិនិយោគថ្មី ដែលទើបដាក់ដំណើរការ និងសក្ដានុពលជាច្រើន រួមទាំងតម្លៃដីធ្លី នៅមានកម្រិតទាបជាងបណ្ដាប្រទេសផ្សេ ងៗក្នុងអាស៊ាន ដែលធ្វើឱ្យវិនិយោគិនកាន់តែជាប់ចិត្ត”។
អ្នកស្រីបន្ថែមទៀតថា ក្រោយកិច្ចប្រជុំនេះ សន្ទុះនៃការវិនិយោគមកពីប្រទេសនឹងកាន់តែមានកំណើនឡើងបន្ថែមទៀត ហើយអ្វីដែលវិនិយោគិនក្នុងស្រុកត្រូវត្រៀមខ្លួននោះ គឺឯកសារនិងច្បាប់នានាឱ្យរួចរាល់ ដើម្បីត្រៀមចាំពួកគេ ពីព្រោះ ក្នុងតំបន់អាស៊ាននេះ កម្ពុជាជាប្រទេសមួយដែលមានសក្ដានុពលខ្ពស់ជាងគេមួយក្នុងតំបន់នេះ ។
ឆ្នាំ២០២៣ខាងមុខ កម្ពុជាក៏នឹងធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ហើយព្រឹត្តិការណ៍នេះដែរ នឹងនាំមកនូវជនបរទេស ទេសចរ កីឡាករ ពីប្រទេសនានាចូលមកប្រកួត មកទស្សនា និងសិក្សាពីសក្ដានុពលនៃការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ ។
បន្ថែមពីលើនេះអ្នកស្រីGrace Rachny Fong អគ្គនាយិកានៃក្រុមហ៊ុន Century 21 Cambodia ក៏បានលើកឡើងផងដែរថា ក្រោយព្រឹត្តិការណ៍នេះ កម្ពុជានឹងទទួលបានវិនិយោគិនបរទេសបន្ថែមទៀត ជាពិសេសនៅតំបន់ ដែលមានការប្រកួតកីឡាស៊ីហ្គេមនេះ ពីព្រោះថានេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយនាំមកនូវជនបរទេសជាច្រើនប្រទេស ចូលមកកាន់ប្រទេសកម្ពុជាឡើងវិញ។
អគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់ដែលតែងតែសិក្សាពីដំណើរវិវត្តន៍នៃនយោបាយ និងសេដ្ឋកិច្ចបានមានប្រសាសន៍ឲ្យដឹងកាលពីរាត្រីថ្ងៃទី២ សីហាថា ដំណើរទស្សនកិច្ច និងការអញ្ជើញមកចុលរួមកិច្ចប្រជុំ កំពូលរដ្ឋមន្រ្តីការបរទេសអាស៊ាន និងមហាអំណាចធំៗបែបនេះ គឺជាពេលវេលាដ៏កម្រ ដែលវាផ្តល់ផលចំណេញជាច្រើនដល់កម្ពុជា។
ផលចំណេញទាំងនោះ រួមមាន ទី១ ផែនទីកម្ពុជាត្រូវបានរំលេចឡើងម្តងទៀត និងកាន់តែច្បាស់ទៅកាន់ពិភពលោក ទី២ កិច្ចប្រជុំនេះនឹងធ្វើឲ្យកម្ពុជាចំណេញលើការផ្សព្វផ្សាយ ពីមុខមាត់របស់ខ្លួនលើឆាកអន្តរជាតិ និងទាក់ទាញទេសចរណ៍នានា ទី៣ វាផ្តល់ផលចំណេញផ្នែកនយោបាយ និងកាទូត ដោយកិច្ចប្រជុំនេះបានបង្ហាញពីកិត្តិនាមកម្ពុជា ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចលូតលាស់លឿន និងបង្ហាញពីកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយរយៈពេលវែងរបស់កម្ពុជា និងទី៤ ការរៀបចំកិច្ចប្រជុំនេះ ក៏ធ្វើ
ឲ្យកម្ពុជាអាចបង្ហាញសាច់ដុំ និងឋានៈរបស់ខ្លួនស្មើមុខ ស្មើមាត់ជាមួយបណ្តាប្រទេសមហាអំណាចធំៗលើពិភពលោកផងដែរ៕