ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានថ្លែងថា ត្រឹមរយៈពេល៧ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិន បានកើនឡើងដល់ជាង៩ពាន់លានដុល្លារ ហើយសម្តេចតេជោស្នើដាក់គោលដៅថ្មី ឱ្យឡើងទៅដល់១៥ពាន់លានដុល្លារអាមេរិក។

ដោយ៖ សុផារី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានថ្លែងថា ត្រឹមរយៈពេល៧ខែឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិន បានកើនឡើងដល់ជាង៩ពាន់លានដុល្លារ ហើយសម្តេចតេជោស្នើដាក់គោលដៅថ្មី ឱ្យឡើងទៅដល់១៥ពាន់លានដុល្លារអាមេរិក។

សំណើររបស់សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់លោក វ៉ាង យី (Wang Yi ) ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវការ និងអញ្ជើញចូលក្នុងកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅថ្ងៃទី០៣ ខែសីហានេះ។
ជាការឆ្លើយតាម លោក លោក វ៉ាង យី បានអះអាងថា ចិននឹងផ្ដល់ការគាំទ្រ បន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
សម្ដេចក៏បានគូសបញ្ជាក់ថា “អ្វីដែលកម្ពុជា ចង់ឃើញថ្វីដ្បិតមកដល់ពេលឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានឡើងដល់ជាង១១ពាន់លានដុល្លារ ហើយនៅឆ្នាំ២០២២ ទើបតែមកដល់រយៈពេល៧ខែនេះ ទំហំពាណិជ្ជកម្មរបស់កម្ពុជានិងចិន ឡើងដល់ជាង៩ពាន់លានដុល្លារទៅហើយ។ អ្វីដែរដែលជាគោលដៅថ្មីរបស់ទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយនឹងចិន សម្ដេចបានស្នើឱ្យឡើងទៅដល់ ១៥ពាន់លានដុល្លារអាមេរិក”។
មូលហេតុដែលសម្ដេចបានស្នើ ដោយសារកន្លងមក កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងចិន បានចូលជាធរមានហើយ មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាននិងកូរ៉េ ហើយក៏មានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) ដែលបានចូលជាធរមានកាលពីខែមករា ឆ្នាំ២០២២ ផងដែរ។
សម្ដេចក៏បានស្នើឲ្យប្រទេសចិន ជួយគាំទ្រដល់សំណើរបស់សម្ដេចក្នុងការដាក់លេខាធិការដ្ឋានភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់នេះ នៅក្នុងរាជធានីភ្នំពេញ ដែលប្រទេសចិន ជាប្រទេសមួយដ៏ធំនៅក្នុងក្របខណ្ឌអាសិបនេះ។
ជាមួយគ្នានេះ សម្តេចក៏បានស្នើឱ្យភាគីចិនបន្តជួយកម្ពុជា តាមរយៈការនាំចូលនូវកសិផល និងផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ប្រទេសចិន ដូចជា អង្ករ ផ្លែមៀន និង បណ្ដាផលិតផលកសិកម្មផ្សេងៗទៀត។
មិនត្រឹមតែប៉ុណ្ណោះ សម្ដេចក៏បានស្នើឲ្យប្រទេសចិន បន្តបង្កើនការវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខនេះ ហើយស្នើឱ្យប្រទេសចិន បង្កើនចំនួនជើងហោះហើររវាងប្រទេសទាំងពីរ ដើម្បីជួយជំរុញវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជាផងដែរ។
ក្រៅពីនេះទៀត សម្ដេចក៏បានស្នើឱ្យចិន ពិចារណាជួយដល់វិស័យថាមពល ដែលជាវិស័យសំខាន់របស់ប្រទេសកម្ពុជា ដើម្បីគាំទ្រដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងស្ថានភាព ដែលមានផលប៉ះពាល់ពីសង្គ្រាមនៅអ៊ុយក្រែន។
លោក វ៉ាង យី បានគូសបញ្ជាក់ថា ចិននឹងផ្ដល់ការគាំទ្រយ៉ាងខ្លាំងដល់ប្រទេសកម្ពុជា។ លោកក៏បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបន្តមានឆន្ទៈក្នុងការគាំទ្រពីនយោបាយចិនតែមួយ ហើយជាពិសេស ចិននឹងធ្វើអ្វីៗ នឹងព្យាយាមជួយដល់ប្រទេសកម្ពុជាក្នុងការអភិវឌ្ឍប្រទេស។
ពាក់ព័ន្ធនឹងវិស័យវិនិយោគ លោកបានបញ្ជាក់ថា ថ្វីដ្បិតបច្ចុប្បន្ន ប្រទេសចិន មានការវិនិយោគច្រើនជាងគេមែន ប៉ុន្តែប្រទេសចិន និងបន្តការបណ្ដាក់ទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ហើយនឹងជំរុញឱ្យសហគមន៍ពាណិជ្ជករបន្តវិនិយោគនៅក្នុងប្រទេសកម្ពុជាផងដែរ។
ពាក់ព័ន្ធនឹងវ៉ាក់សាំង លោកបានគូសបញ្ជាក់ថា នៅពេលណាកម្ពុជាមានតម្រូវការ ចិននឹងជួយផ្ដល់នៅក្នុងលក្ខណៈអាទិភាពជូនកម្ពុជា។ ពាក់ព័ន្ធនឹងការនាំចូលនូវកសិផលនៃវិស័យកសិកម្មវិញ ចិនពិតជារីករាយនូវការបន្តនាំចូលកសិផល និងផលិតផលពីប្រទេសកម្ពុជា ដោយបញ្ជាក់ថា ប្រទេសចិន ជាទីផ្សារធំ ដូច្នេះហើយអាចមានតម្រូវការច្រើន។ ពាក់ព័ន្ធនឹងជើងហោះហើរ លោកមានប្រសាសន៍ថា ជើងយន្តហោះ បានត្រឡប់មកធម្មតាវិញហើយ ហើយចិននឹងពិចារណាក្នុងការបង្កើនជើងហោះហើររវាងប្រទេសទាំងពីរ។

ពាក់ព័ន្ធនឹងវិស័យថាមពល ភាគីចិន និងពិនិត្យមើលលើករណីនេះ ហើយនឹងសិក្សារួមគ្នា ដើម្បីជំរុញក្នុងវិស័យថាមពលនេះផងដែរ៕