ដោយៈ ជេស៊ីកា
ភ្នំពេញៈ រាជធានីនៃប្រទេសកម្ពុជា មានទំហំតូចជាងគេបំផុតលំដាប់ទី៤ នៅក្នុងតំបន់អាស៊ីបូព៌ា ប៉ុន្តែកំនើនប្រជាជន ក្នុងក្រុងមានល្បឿនលឿនជាងគេបំផុត គឺកើនឡើងពី៤.៤ភាគរយក្នុងមួយឆ្នាំ ហើយការពង្រីកទំហំទីក្រុងក៏មានល្បឿនលឿនជាងគេបំផុតលំដាប់ទី២ នៅក្នុងតំបន់ផងដែរ។នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។

-->
របាយការណ៍ដដែលបានបង្ហាញថា ប្រជាជនក្នុងក្រុងភ្នំពេញកើនឡើងពីជាង៩សែននាក់ ដល់១លាន៤សែន នាក់ នៅចន្លោះពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ហើយ ចំនួនផ្ទៃដីបានកើនឡើងពី១១០គីឡូម៉ែត្រក្រឡានៅឆ្នាំ ២០០០ ដល់១៦០គីឡូម៉ែតក្រឡានៅឆ្នាំ ២០១០ និងកើនឡើងដល់ទំហំ៥៦៧គីឡូម៉ែត្រក្រឡា គិតត្រឹមឆ្នាំ២០២២ ជាមួយប្រជាពលរដ្ឋប្រមាណ៣លាននាក់។
លោក អាក់សែល វ៉ាន់ ត្រុតសេនប៊ើហ្គ អនុប្រធានធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា នគរូបនីយកម្មដែលមានល្បឿនលឿន គឺជាបញ្ហាប្រឈមដ៏ធំមួយ សម្រាប់តំបន់អាស៊ីបូព៌ា ប៉ុន្តែយើងមិនអាចគ្រប់គ្រងនូវអ្វី ដែលយើងមិនអាចវាស់វែងបានទេ។
លោកបន្តថា “ដូច្នេះមេដឹកនាំនៅទីក្រុង តាមរយៈទិន្ននយ័ អាចយល់ដឹងកាន់តែប្រសើរថែមទៀតអំពីរូបរាង និង ចាត់វិធានការ ដើម្បីធានាថា ការរីកលូតលាស់នៅក្នុងតំបន់ទីក្រុង រួមចំណែកជួយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងទីក្រុង កាន់តែច្រើនឡើងៗជាពិសេសប្រជាពលរដ្ឋក្រីក្រ”។
ចំនែក លោក អាប់បាស ចា ប្រធានគ្រប់គ្រងផ្នែកប្រតិបត្តិសាកលនៃកិច្ចការសង្គម ទីក្រុងជនបទ និងភាពធន់ របស់ក្រុមធនាគារពិភពលោកបានបញ្ជាក់ថា ការសម្របសម្រួលលើផ្នែករចនាសម្ពន្ធ័ទីក្រុង ដង់ស៊ីតេ និងរដ្ឋបាលអោយបានត្រឹមត្រូវ នឹងមានសារៈសំខាន់ណាស់ ក្នុងការជួយបញ្ចប់ភាពក្រីក្រតោកយ៉ាក និងជម្រុញអោយមានវិបុលភាពសម្រាប់ទាំងអស់គ្នា។
ចំពោះផែនការអភិវឌ្ឍន៍ក្រុងភ្នំពេញ ដែលមានកំនើនប្រជាជនយ៉ាងលឿននោះ អតីតអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកឡុង ឌីម៉ង់ បានបញ្ជាក់ថា ប្លង់មេ ឬMaster plan ពង្រីកក្រុង របស់សាលារាជធានីភ្នំពេញ គឺផ្តោតលើប្រយោជន៍សាធារណៈជាធំ។
លោកបានពន្យល់បន្តថា “បើទោះបីជាកន្លែងខ្លះត្រូវចាក់ដីបំពេញ តែអាជ្ញាធរក៏បានគិតគូ ថាកន្លែងណាដែលត្រូវដាក់ប្រពន្ធ័លូ រឺប្រលាយទឹក ដែរ”។
លោកបានទាមទារ អោយមានការចូលរួមសហការ ពីប្រជាពលរដ្ឋដើម្បីដោះស្រាយបញ្ហាធំៗ និងថា បញ្ហាហេដ្ឋារចនាសម្ពន្ធ័ បរិស្ថាន និង ការផ្តល់សេវាសាធារណៈជាដើម គឺជាបញ្ហាអាទិភាពដែលអាជ្ញាធរគិតគូរផងដែរ។

របាយការណ៍ថ្មីនេះ ជារបាយការណ៍លើកដំបូង របស់ធនាគារពិភពលោក ដែលបង្ហាញពីទិន្ននយ័ប្រៀបធៀប រវាងតំបន់ទីក្រុង និងចំនួនប្រជាជន នៅក្នុងទីក្រុងនៅទូទាំងតំបន់អាស៊ីបូព៌ា ដើម្បីជម្រុញអោយរដ្ឋាភិបាលនិងមេដឹកនាំ ក្នុងបណ្តាប្រទេសទាំងនោះ អាចរៀបចំទីក្រុងអោយបានត្រឹមត្រូវ៕