លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ាចូលរួមដោះស្រាយបញ្ហាសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ

0

 ដោយៈ វឌ្ឍនៈ

សៀមរាបៈ សំណង់ខុសច្បាប់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ នៅតែចោទជាបញ្ហាសម្រាប់អាជ្ញាធរដែន និងសមត្ថកិច្ចពាក់ព័ន្ធ។

ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងរ៉ាំរ៉ៃកន្លងមកនេះ លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី៤ សីហា ២០២២នេះដោយដោះស្រាយជាដំណាក់កាល។

ក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានឱ្យដឹងថាកន្លងមកដោយសារតែមានការកើតឡើង នូវសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងនៅពេលដែលការដោះស្រាយបញ្ហានេះ មិនស៊ីស   ង្វាក់គ្នា រវាងអាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរានោះ ទើបប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចតែងតាំងសមាសភាព ក្រុមការងារថ្នាក់ជាតិតម្រង់ទិសដែលមាន លោកផ្ទាល់ជាប្រធាន មានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអនុប្រធាន លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជាអនុប្រធាន លោកស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាអនុប្រធានអចិន្ត្រៃយ៍ និងសមាសភាព៩រូបទៀតមកពីក្រសួងស្ថាប័នពាក់ព័ន្ធ គឺជាសមាជិក ក្នុងគោលបំណងដើម្បីដោះស្រាយបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ឆ្លងតាមការពិភាក្សាលើបញ្ហាស្មុគស្មាញជាច្រើន យ៉ាងផុសផុលរួចមកលោក ជា សុផារ៉ាបានសម្រេចដោះស្រាយមួយជំហានម្តងៗ ដោយក្នុងនោះបានសំរេចដាក់វិធានការថា: រាល់លិខិតស្នាមផ្សេងៗ ដែលរដ្ឋបាលខេត្ត ត្រូវធ្វើនៅខាងអាជ្ញាធរជាតិអប្សរានោះ “គឺមិនត្រូវធ្វើទៀតនោះទេ”ចៀសវាងមានបញ្ហារំខាន រឺខុសឆ្គងដោយប្រការផ្សេងៗខាងផ្នែករដ្ឋបាលដែលនាំអោយប៉ះពាល់ ដល់ផលប្រយោជន៍រួមរបស់ជាតិ និងប្រជាជន ហើយមិនត្រូវមានការពិភាក្សា អំពីការធ្វើបណ្ណកម្មសិទ្ធពិសេសណាមួយនៅក្នុងតំបន់អង្គរទេទាំងបច្ចុប្បន្ន និងទៅអនាគត ។

ជាមួយនេះលោកជា សុផារ៉ា បានបង្ហាញពីការគាំទ្របន្ថែមទៀតដល់ក្រុមការងារ ដើម្បីធានាអោយដំណើរការការងារ ដោះស្រាយសម្របសម្រួ​លបញ្ហាសំណង់ខុសច្បាប់ និងដីធ្លីក្នុងតំបន់រមណីយដ្ឋានអង្គរនេះ បានប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធិភាពពិតប្រាកដ៕

LEAVE A REPLY

Please enter your comment!
Please enter your name here