ដោយ: លាងហួរ
ភ្នំពេញ: ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី បានមានប្រសាសន៍ថា ចិននិងអាស៊ានបានសម្រេចបានសមិទ្ធិផលយ៉ាងច្រើនហើយភាគីទាំង២ ក៏ប្តេជ្ញាកសាងសហគមន៍អនាគតរួមគ្នា។
កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលបាននិងកំពុងប្រព្រឹត្តិនៅរាជធានីភ្នំពេញនេះ ដឹកនាំដោយលោកវ៉ាង យី និងឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសនៃប្រទេសសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអគ្គលេខាធិការអាស៊ាន លោក Dato Lim Jock Hoi ។
លោកវ៉ាង យី បានមានប្រសាសន៍ថា ចាប់តាំងពីប្រធានាធិបតីចិន លោកស៊ី ជីនពីង និងមេដឹកនាំនៃបណ្តាប្រទេសអាស៊ាន បានប្រកាសរួមគ្នាអំពីការបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែវិច្ឆិកាឆ្នាំ២០២១ ដែលការអភិវឌ្ឍន៍នៃភាពជាដៃគូ បានចាប់ផ្តើមល្អជាមួយនឹងលទ្ធផលដ៏ល្អប្រសើរក្នុងវិស័យផ្សេងៗ។
ភាគីទាំងពីរបានធ្វើការរួមគ្នា ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនានានិងបានរួមគ្នារក្សាសន្តិភាព និងស្ថិរភាពដែលបានទទួលយ៉ាងលំបាក។
លោក វ៉ាង យី បានបន្តថា ទាក់ទងនឹងជំងឺរាតត្បាតកូវីដ១៩ ភាគីទាំងពីរបានបង្ហាញពីសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ និងពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងគ្រាអាសន្ន ដើម្បីកសាងខែលការពារសុវត្ថិភាព។
លោកបានមានប្រសាសន៍ថា ភាគីទាំងពីរក៏បានអនុវត្តរួមគ្នា នូវភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) និងការពន្លឿនការតភ្ជាប់ បង្កើតជាតំបន់ខ្ពង់រាបសម្រាប់ការអភិវឌ្ឍន៍ផងដែរ៕