CDC ជំរុញវិនិយោគិនបរទេសមកវិនិយោគនៅកម្ពុជា ស្របពេលអ្នកជំនាញមានសុទិដ្ឋិនិយមចំពោះរំហូរវិនិយោគពីបរទេសនៅចុងឆ្នាំនេះ

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC បានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជនលើឆាកអន្តរជាតិស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើនដែលកម្ពុជាបានចុះហត្ថលេខា នាពេលកន្លងមក។

លោក សុខ ចិន្តាសោភា បានលើកឡើងថា បន្ទាប់ពីពិភពលោកបានជួបវិបត្តិនៃជំងឺកូវីដ១៩បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ខ្សែច្រវាក់ផ្គត់ផ្គង់សកល បានធ្វើឱ្យការធ្វើពាណិជ្ជកម្ម និងធុរកិច្ចនាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរ បើធៀបនឹងអំឡុងពេលមុន។

លោកបន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំបានខិតខំស្តារសេដ្ឋកិច្ចឡើងវិញ ដោយធ្វើការដាក់ចេញនូវគោលនយោបាយសំខាន់ៗមួយចំនួន ដូចជា ច្បាប់ស្តីពីវិនិយោគថ្មី និងក្របខណ្ឌយុទ្ធសាស្ត្រនិងកម្មវិធីស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ១៩ ស្របតាមគន្លងប្រក្រតីភាពថ្មី។

លោកបានលើកទឹកចិត្តឱ្យតំណាងវិស័យឯកជន ដែលមានវត្តមានក្នុងវេទិកានេះស្វែងយល់បន្ថែមពីសក្ដានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា ព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ នៅកម្ពុជា ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងជាច្រើន ដែលកម្ពុជាបានចុះហត្ថលេខា ជាពិសេស កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចូលជាធរមានចាប់ពីដើមឆ្នាំ២០២២នេះ។

បើតាមអ្នកជំនាញនៃវិស័យអចលនវត្ថុកម្ពុជាជាច្រើន​ បានបង្ហាញពីសុទិដ្ឋិនិយមចំពោះរំហូរវិនិយោគពីបរទេសនៅកម្ពុជាឡើងវិញ ក្រោយពីស្ថានភាពនៃវិបត្តិកូវីដ១៩នៅក្នុងប្រទេសមានភាពធូរស្រាលច្រើន។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២២នេះ អាចនៅត្រឹមចុងឆ្នាំនឹងមានការវិនិយោគពីបរទេសឡើងវិញហើយនឹងមានចំនួនកាន់តែច្រើនជាក់ស្ដែង នៅក្នុងឆ្នាំ២០២២នេះ រំហូរទុនវិនិយោគពីបរទេសចូលមកកម្ពុជាមានចំនួនកាន់តែច្រើនជាបណ្ដើរៗហើយ។

លោកបន្តថា កម្ពុជាបានមានសក្ដានុពលទូលំទូលាយ សម្រាប់វិនិយោគិនបរទេសក្នុងការបណ្ដាក់ទុនរកប្រាក់ចំណេញនៅពេលអនាគត។ ក្នុងនោះ ច្បាប់វិនិយោគថ្មីព្រះរាជាណាចក្រកម្ពុជា និងតម្លៃដីធ្លីនៅមានកម្រិតទាបជាងបណ្ដាប្រទេសនានាជិតខាងធ្វើឱ្យជនបរទេសនៅតែចាប់អារម្មណ៍ក្នុងការវិនិយោគលើកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here