ដោយ៖ សុខុម
បាងកក: ស្ថាប័នរដ្ឋជាច្រើនបានទទួលបទបញ្ជាទិញពីក្រសួងដឹកជញ្ជូនថៃ ដើម្បីកែលម្អការដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសថៃ ប្រទេសឡាវ និងប្រទេសចិន។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយនៅថ្ងៃសុក្រ ទី៥ ខែសីហា នេះ។
រដ្ឋមន្ត្រីដឹកជញ្ជូនថៃ លោក Saksayam Chidchob បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែសីហា បន្ទាប់ពីកិច្ចប្រជុំជាមួយគណៈកម្មាធិការ ដើម្បីតភ្ជាប់ផ្លូវដែករវាងប្រទេសទាំង៣ថា គណៈកម្មាធិការក្រសួងបានអនុម័តគោលការណ៍ណែនាំនេះ ដើម្បីឱ្យស្ថាប័នពាក់ព័ន្ធអនុវត្ត និងបានបញ្ជាឱ្យនាយកដ្ឋានផ្លូវហាយវ៉េ (Highways Department) ស្នើសុំថវិកា ដើម្បីសិក្សាសមិទ្ធលទ្ធភាពសាងសង់ស្ពានថ្មីមួយកាត់ទន្លេមេគង្គ សម្រាប់ទាំងរថយន្ត និងរថភ្លើង។
ទន្ទឹមនឹងនេះ គណៈកម្មាធិការក្រសួងបានអនុម័តលើបទបញ្ជាឱ្យប្រតិបត្តិករផ្លូវដែករដ្ឋ State Railway of Thailand ពន្លឿនការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនបាងកក-ណងខៃ (Bangkok-Nong Khai High-Speed Railway) និងស្នើគម្រោងផ្លូវដែកខុនគែន-ណងខៃ (Khon Kaen-Nong Khai Railway) ទៅគណៈរដ្ឋមន្ត្រី។
គណៈកម្មាធិការក្រសួងក៏នឹងសិក្សាពីសក្តានុពលនៃការចាប់ដៃគូសហការ រវាងវិស័យរដ្ឋ និងឯកជននៅស្ថានីយ Na Tha ក្នុងខេត្តណងខៃ (Nong Khai) ដើម្បីត្រៀមរៀបចំសម្រាប់ការដឹកជញ្ជូននាពេលអនាគត រួមទាំងផែនការសកម្មភាព ដើម្បីបង្កើតតុល្យភាព រវាងតម្រូវការ និងសមត្ថភាពបច្ចុប្បន្នផងដែរ។
គណៈកម្មាធិការនេះក៏នឹងពិចារណាផងដែរ ចំពោះអត្រាតម្លៃដឹកជញ្ជូន និងពេលវេលាដើម្បីគាំទ្រផ្លូវដែក ដែលជាជម្រើសដ៏សំខាន់នៃការដឹកជញ្ជូន រវាងប្រទេសថៃ ប្រទេសឡាវ និងប្រទេសចិន៕