រដ្ឋាភិបាលជប៉ុននឹងផ្តល់ហិរញ្ញប្បទានសម្បទានដល់កម្ពុជាជាង៣១០លានដុល្លារអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ ជាដំណឹងរីករាយមួយ ដែលរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ហិរញ្ញប្បទានសម្បទាន(កម្ចីការប្រាក់ទាប) ចំនួន៣១០លានដុល្លារដល់​កម្ពុជា ដើម្បីអភិវឌ្ឍ៍កំពង់ផែក្រុងព្រះសីហនុ។

ក្នុងការរួមចំណែកស្តារប្រទេស និងជម្រុញសេដ្ឋកិច្ចកម្ពុជាឡើងវិញ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណង និងកម្ចីការប្រាក់ទាបដល់កម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ឋធំៗនៅកម្ពុជា ដូចជាស្ពានជ្រោយចង្វារ ស្ពានតភ្ជាប់ក្រុងកំពង់ចាម ស្ពានត្សឹបាសា ផ្លូវជាតិលេខ៥ កំពង់ផែព្រះសីហនុជាដើម។

យោងតាមសេចក្តីប្រកាសពត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២កន្លងមកបានឲ្យដឹងថា លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកHAYASHI Yoshimasa រដ្ឋមន្ត្រីការបរទេសជប៉ុន នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទាននេះ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២។

ជំនួយបែបជាឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បីប្រែក្លាយកំពង់ផែនេះ ទៅជាកំពង់ផែទឹកជ្រៅស្នូល សម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាម​ការ​ប្តេជ្ញា​ចិត្ត​​របស់នាយករដ្ឋមន្ត្រី ​នៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

គម្រោងសាងសង់ចំណតផែ កុងតឺន័រថ្មីជំហានទី១ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២២នេះ ហើយគ្រោងបញ្ចប់​ការសាងសង់ នៅចុងឆ្នាំ២០២៥ មានប្រវែង៣៥០ម៉ែត្រ និងជម្រៅទឹក ១៤,៥ម៉ែត្រ ដែលអាចអនុញ្ញាត្តឲ្យកប៉ាល់ដឹកទំនិញធំៗ លំដាប់ពពិភពលោកអាចចូលចតបានប្រមាណ​៩០ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here