កំពូលមហាសេដ្ឋី Warren Buffett ខាតបង់ ៤៣,៨ពាន់លានដុល្លារខណៈផ្សារហ៊ុនហ៊ុនអាមេរិកដាំក្បាលចុះ

0

ដោយៈ សុខុម

ញូវយ៉ក: ផ្សារហ៊ុនអាមេរិក បានដាំក្បាលចុះយ៉ាងខ្លាំង ក្នុងត្រីមាសទី២ ឆ្នាំនេះ ហើយការធ្លាក់ចុះនេះ បានធ្វើឱ្យក្រុមហ៊ុនមេ Berkshire Hathaway Inc របស់កំពូលមហាសេដ្ឋីដ៏ល្បីល្បាញ Warren Buffett ខាតបង់ធ្ងន់ធ្ងរ ដោយបានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា ថាខ្លួនខាតបង់ដល់ទៅ៤៣,៨ពាន់លានដុល្លារ។

ទោះជាយ៉ាងណា ក្រុមហ៊ុនBerkshire Hathaway Inc ទទួលបានប្រាក់ចំណេញប្រតិបត្តិការ ជិត៩,៣ពាន់លានដុល្លារ នៅពេលប្រាក់ចំណេ​ញពីធានារ៉ាប់រង និងផ្លូវដែកដឹកជញ្ជូនទំនិញ BNSF Railway ដែលធំបំផុតមួយនៅទ្វីបអាមេរិកខាងជើង បានជួយទប់ការខាតបង់ថ្មីៗ នៅឯក្រុមហ៊ុនធានារ៉ាប់រងរថយន្តGeico ដែលកង្វះគ្រឿងបន្លាស់ និងការឡើងថ្លៃរថយន្តមួយទឹក បានបណ្ដាលឱ្យការទាមទារសំណងគ្រោះថ្នាក់កើនឡើង។

ការដំឡើងអត្រាការប្រាក់ និងការទូទាត់ភាគលាភ បានជួយឱ្យបណ្ដាក្រុមហ៊ុនធានារ៉ាប់រង រកប្រាក់បានកាន់តែច្រើនពីការវិនិយោគ ខណៈការឡើងថ្លៃប្រាក់ដុល្លារអាមេរិក បានជំរុញប្រាក់ចំណេញពីការវិនិយោគបំណុ​លអឺរ៉ុប និងជប៉ុនកើនឡើង។

លោក James Shanahan អ្នកវិភាគនៅក្រុមហ៊ុនហិរញ្ញវត្ថុ Edward Jones & Co លើកឡើងថា ទោះបីជាទទួលរងការខាតបង់យ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក្ដី ក៏ “លទ្ធផលនេះ បង្ហាញពីភាពធន់ទ្រាំនៃក្រុមហ៊ុន Berkshire”។

អ្នកវិភាគរូបនេះបានបន្ថែមទៀតថា “អាជីវកម្មនានាកំពុងដំណើរការល្អ ទោះជាអត្រាការប្រាក់កើនឡើងខ្ពស់ សម្ពាធអតិផរណា និងការព្រួយបារម្ភជុំវិញភូមិសាស្ត្រនយោបាយយ៉ាងណាក្ដី។ វាធ្វើឱ្យខ្ញុំមានទំនុកចិត្តលើក្រុមហ៊ុននេះ ប្រសិនបើមានវិបត្តិសេដ្ឋកិច្ចកើតឡើង”។

ក្រុមហ៊ុន Berkshire ក៏បានបង្អង់ល្បឿនទិញភាគហ៊ុនរបស់ខ្លួនផងដែរ ទោះបីជាក្រុមហ៊ុននេះ នៅតែមានសាច់ប្រាក់ដល់ទៅ១០៥,៤ពាន់លានដុល្លារ ក្នុងដៃសម្រាប់ទិញយកភាគហ៊ុនយ៉ាងណាក្ដី៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here