ដោយ: លាងហួរ
ភ្នំពេញ: សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍នៅថ្ងៃចន្ទនេះថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលចូលជាធរមានកាលពីដើមឆ្នាំនេះ នឹងក្លាយជាកត្តាជំរុញសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក្រោយការរីករាលដាលនៃជំងឺកូវីដ១៩។
ក្នុងសារជាវីដេអូ ដើម្បីប្រារព្ធទិវាអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ដែលផ្សាយតាមទូរទស្សន៍ជាតិកម្ពុជា (ទទក) សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការអនុវត្តពេញលេញ និងមានប្រសិទ្ធភាពនៃកិច្ចព្រមព្រៀង RCEP គឺជាអាទិភាពមួយ។
-->
RCEPនឹងជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចក្រោយជំងឺរាតត្បាត បង្កើតការងារ និងពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកទាំងមូល។

សម្តេចតេជោបានបន្ថែមថា ក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២នេះ ប្រទេសកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេសសមាជិកRCEP ដើម្បីលើកកម្ពស់ការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងRCEP និងដើម្បីពង្រឹងបន្ថែមទៀតនូវការសម្របសម្រួ លនៃពាណិជ្ជកម្មឆ្លងព្រំដែន ។
ក្នុងនាមជាប្លុកពាណិជ្ជកម្ម ដ៏ធំបំផុតរបស់ពិភពលោក RCEP បានបង្កើតទីផ្សារ នៃប្រជាជនចំនួន២,២ពាន់លាននាក់ រឺ៣០ភាគរយនៃចំនួនប្រជាជនពិភពលោក ជាមួយនឹងផលិតផលក្នុងស្រុកសរុប (GDP) រួមបញ្ចូលគ្នាចំនួន២៦,២ពាន់ពាន់លានដុល្លារអាមេរិក ដែលតំណាងឱ្យប្រហែល៣០ភាគរយ នៃផលិតផលក្នុងស្រុកសរុបពិភពលោក និង28ភាគរយនៃពាណិជ្ជកម្មពិភពលោក។
លោកថោង ម៉េងដាវិដ អ្នកស្រាវជ្រាវនៅវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដែ លមានមូលដ្ឋាននៅទីក្រុងភ្នំពេញ បាននិយាយថា RCEP បានផ្តល់ឱកាសដល់ប្រទេសក្នុងតំបន់ ដើម្បីការពារសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលជាកត្តាសំខាន់ សម្រាប់ការស្តារឡើងវិញក្រោយការឆ្លងកូវីដ១៩៕

