តម្លៃប្រេងឆៅរុស្ស៊ីហក់ឡើងជាថ្មី ដោយសារមានតម្រូវការខ្ពស់ពី មហាយក្សអាស៊ីទាំង២

0

ដោយៈ សុខុម

មូស្គូ: តម្លៃប្រេងឆៅរុស្ស៊ី ប្រភេទESPO ដែលជាប្រភេទនាំចេញដ៏សំខាន់របស់ប្រទេសនេះ មកកាន់អាស៊ី បានហក់ឡើងថ្លៃឡើងវិញ ក្រោយពីចុះថោកខ្លាំងមិនធ្លាប់មាន ស្របពេលមានតម្រូវការខ្ពស់ ពីមហាយក្សចិន និងមហាយក្សឥណ្ឌា ដែលជាអ្នកទិញធំបំផុត។

ឈ្មួញមួយចំនួនបានទម្លាយប្រាប់សារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃច័ន្ទ ទី៨ ខែសីហា នេះថា ការហក់ឡើងថ្លែប្រេងឆៅនេះ អាចជាដំណឹងល្អសម្រាប់ទីផ្សារ ខណៈវាបានជួយបន្ធូរបន្ថយការព្រួយបារម្ភ អំពីការដាក់ទណ្ឌ​កម្មបន្ថែមទៀតដែលអាចកើតមានឡើង។

បណ្តាប្រទេសលោកខាងលិច និងសម្ព័ន្ធមិត្តបានដាក់ទណ្ឌកម្មលើរុស្ស៊ី ដូចទឹកបាក់ទំនប់យ៉ាងធ្ងន់ធ្ងរបំផុត មិនធ្លាប់មានជាប្រវត្តិសាស្ត្រ ក្រោយរុស្ស៊ី បញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ ហើយជាលទ្ធផល បណ្ដាក្រុមហ៊ុនហិរញ្ញវត្ថុ និងក្រុមហ៊ុនថាម​ពលរុស្ស៊ី បានទទួលរងប៉ះពាល់ធ្ងន់ធ្ងរ។

ទោះជាយ៉ាងណា ពេលនេះសហភាពអឺរ៉ុប បានបន្ធូរបន្ថយហើយនូវទណ្ឌកម្មលើរុស្ស៊ី ដែលបានចូលជាធរមានកាលពីខែមុន ដោយបន្ធូរការរឹតបន្តឹងលើការទូទាត់ សម្រាប់ប្រេងពីបណ្ដាក្រុមហ៊ុនរដ្ឋរុស្ស៊ី ដូចជាក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Gazpromneft ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់នូវប្រេងឆៅ ESPO។

ក្រុមឈ្មួញបានទម្លាយឱ្យដឹងទៀតថា បណ្ដាក្រុមហ៊ុនចម្រាញ់ប្រេងចិន និងឥណ្ឌា បានសម្រុកទិញប្រេងរុស្ស៊ី ដែលមានតម្លៃថោកជាងប្រេងមកពីតំបន់មជ្ឈិមបូព៌ា ដែលមានគុណភាពប្រហាក់ប្រហែលគ្នា តែតម្លៃខ្ពស់ជាងឆ្ងាយ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here