សង្គ្រាមពាណិជ្ជកម្មជាមួយយក្សចិន អាចធ្វើឱ្យអាល្លឺម៉ង់ខាតបង់៦ដងធៀបនឹងការចាកចេញរបស់អង់គ្លេសពីEU

0

ដោយៈ សុខុម

ប៊ែរឡាំងៈ អាល្លឺម៉ង់ ដែលជាសេដ្ឋកិច្ចធំបំផុត ក្នុងសហភាពអឺរ៉ុប (EU) នឹងប្រឈមការខាតបង់យ៉ាងធ្ងន់ធ្ងរស្ទើរតែ៦ដង បើធៀបនឹងការចាកចេញរបស់អង់គ្លេស ពីសមាជិកសហភាពអឺរ៉ុប (Brexit) ប្រសិនបើប្រទេសនេះ និងសហភាពអឺរុប បិទមហាយក្សចិន ពីសេដ្ឋកិច្ចរបស់ពួកគេដែលស្មើនឹងការបញ្ឆេះសង្គ្រាមពាណិជ្ជកម្ម។

ផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយ វិទ្យាស្ថានស្រាវជ្រាវសេដ្ឋ​កិច្ច Ifo Institute for Economic Research បានលើកឡើងថា អ្នកចាញ់ ឬអ្នកខាតបង់ដ៏ធំបំផុត ក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយមហាយក្សចិន គឺឧស្សាហកម្មរថយន្ត ជាមួយនឹងការខាតបង់តម្លៃបន្ថែម (Value-added)៨,៤៧% ក្រុមហ៊ុនផលិតគ្រឿងចក្រដឹកជញ្ជូន ជាមួយនឹងការខាតបង់៥,១៤% និងវិស្វកម្មមេកានិចជាមួយនឹងការបាត់បង់៤,៣៤%។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា។

ក្រុមអ្នកធ្វើការសិក្សាស្រាវជ្រាវនេះនិយាយថា “ក្រុមហ៊ុននានាគួរតែងាកទៅរកប្រទេសផ្សេងៗទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់ខ្លួនលើទីផ្សារមួយចំនួន និងរបបផ្តាច់ការនានា”។

លោក Florian Dorn ដែលជាម្នាក់ក្នុងចំណោមអ្នកដែលធ្វើការសិក្សាស្រាវជ្រាវនេះថ្លែងថា គោលដៅនៃគោលនយោបាយសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ និងសហភាពអឺរ៉ុប គួរតែ “បង្កើតភាពជាដៃគូយុទ្ធសាស្ត្រ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTAs) ជាមួយបណ្ដាប្រទេសដែលមានគំនិតដូចគ្នាដូចជាសហរដ្ឋអាមេរិកជាដើម”។

ការវិភាគនេះ បានលើកឡើងសេណារីយ៉ូចំនួន៥ ដែលរួមទាំងការកាត់ផ្តាច់បណ្ដាសេដ្ឋកិច្ច លោកខាងលិចពីប្រទេសចិន បូករួមបញ្ចូលនូវការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកផងដែរ។

កិច្ចព្រមព្រៀងបែបនេះ អាចទប់ទល់ផលប៉ះពាល់ នៃសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិនបាន តែទោះជាយ៉ាងណា វានឹងមិនអាចប៉ះប៉ូវការខាតបង់បានទាំងស្រុងនោះឡើយ។

វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច Ifo គូសបញ្ជាក់ថា ផ្ទុយទៅវិញ បើស  ង្គ្រាមពាណិជ្ជកម្មនេះ ពិតជាផ្ទុះឡើងមែន ការខាតបង់គឺស្មើនឹងការចាកចេញរបស់អង់គ្លេស ពីសមាជិកសហភាពអឺរ៉ុប៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here