ដោយៈ សុខុម
ញូវយ៉ក: មន្ត្រីអាមេរិក បានប្រកាសកាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា ថា សហរដ្ឋអាមេរិក នឹងប្រគល់វត្ថុបុរាណ ដែលអាយុកាលជាង១.០០០ឆ្នាំ មានតម្លៃមិនអាចកាត់ថ្លៃបាន ចំនួន៣០ដែលចោរលួចមកឱ្យកម្ពុជាវិញ។
យោងតាមសារព័ត៌មានថៃ The Nation ដែលចុះផ្សាយនៅថ្ងៃអង្គារ ទី៩ ខែសីហា នេះឱ្យដឹងថា វត្ថុបុរាណទាំងនោះ រួមមានទាំងពុទ្ធប្បដិមាសំរឹទ្ធិ និងបដិមាអាទិទេព ក្នុងលទ្ធិព្រហ្មញ្ញសាសនា ដែលឆ្លាក់ពីថ្មផងដែរ។
ទីតាំងបុរាណវត្ថុនានារបស់កម្ពុជា រួមទាំងទាំងប្រាសាទកោះកេរ ដែលជាអតីតរាជធានីនៃអាណាចក្រខ្មែរ នាសម័យបុរាណផង បានទទួលរងការលួចប្លន់ យ៉ាងផុសផុលគួរឱ្យសោកស្ដាយបំផុត អំឡុងសង្គ្រាមស៊ីវិលចន្លោះពីទសវត្សរ៍ឆ្នាំ១៩៦០ ដល់ទសវត្សរ៍ឆ្នាំ១៩៩០។
ចាប់តាំងពីពេលនោះមក រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្វះស្វែងយ៉ាងខ្លាំង ធ្វើយ៉ាងណាឱ្យវត្ថុបុរាណទាំងនោះ ដែលចោរលួចយកទៅលក់នៅលើទីផ្សារអន្តរជាតិ បញ្ជូនមកឱ្យកម្ពុជាវិញ។
លោក Damian Williams រដ្ឋអាជ្ញាសហព័ន្ធកំពូលនៅសង្កាត់ Manhattan ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានបញ្ជាក់ថា វត្ថុបុរាណទាំងនេះ ត្រូវបានលក់ទៅឱ្យអ្នកទិញ នៅលោកខាងលិច ដោយឈ្មួញវត្ថុបុរាណម្នាក់នៅទីក្រុងបាងកក ប្រទេសថៃ ឈ្មោះ Douglas Latchford ដែលបានក្លែងឯកសារ ដើម្បីលាក់បាំងការពិតកុំឱ្យគេដឹងថា វត្ថុបុរាណទាំងនោះត្រូវបានគេលួច និងរត់ពន្ធដោយខុសច្បាប់។
ក្នុងពិធីប្រកាសប្រគល់វត្ថុបុរាណទាំងនេះមកឱ្យកម្ពុជា វិញនៅ Manhattan លោក Damian Williams បានលើកឡើងថា “រូបចម្លាក់ និងវត្ថុបុរាណទាំងនេះ មានអាយុកាលចាប់ពីសម័យសំរឹទ្ធិ រហូតដល់សតវត្សទី១២ គឺជាតម្លៃវប្បធម៌ដ៏អស្ចារ្យសម្រាប់ប្រជាជនកម្ពុជា”៕ Reuters៕