ដោយ៖ សុខុម
វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន កាលពីថ្ងៃអង្គារ ទី៩ ខែសីហា បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់ដ៏សំខាន់មួយ ដើម្បីផ្តល់ឧបត្ថម្ភធនរហូតដល់ទៅ៥២,៧ពាន់លានដុល្លារ សម្រាប់ការផលិត និងស្រាវជ្រាវបន្ទះឈីបរបស់សហរដ្ឋអាមេរិក។
យោងតាមសារព័ត៌មាន CNA ចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែសីហា នេះឱ្យដឹងថា ការឧបត្ថម្ភធននេះគឺ ដើម្បីជួយឱ្យវិស័យផលិតបន្ទះឈីបរបស់សហរដ្ឋអាមេរិក កាន់តែមានការប្រកួតប្រជែងជាងមុន នៅក្នុងការប្រជែងនឹងមហាយក្សចិន ដែលកំពុងប្រឹងប្រែងអភិវឌ្ឍវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
-->
សំដៅដល់ “ការវិនិយោគដែលមួយជំនាន់មនុស្សមានតែម្ដងនៅអាមេរិក” នេះ លោក ចូ បៃឌិន បានលើកឡើងថា “អនាគតនឹងត្រូវបង្កើតឡើងនៅសហរដ្ឋអាមេរិក”។

សមាជិកគណបក្សសាធារណរដ្ឋមួយចំនួន រួមទាំងនាយកប្រតិបត្តិក្រុមហ៊ុនធំៗ និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀតក៏បានចូលរួមក្នុងពិធីចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់បន្ទះឈីបនេះនៅសេតវិមាន ផងដែរ។
សេតវិមាននិយាយថា ការអនុម័តរបស់លោក ចូ បៃឌិន កំពុងតែជំរុញការវិនិយោគថ្មីៗលើការផលិតបន្ទះឈីប។ តួយ៉ាង ក្រុមហ៊ុន Qualcomm កាលពីថ្ងៃច័ន្ទ ទី៨ ខែសីហា បានព្រមព្រៀងទិញបន្ទះឈីបចំនួន៤,២ពាន់លានដុល្លារបន្ថែមទៀត ពីរោងចក្រនៅក្រុងញូវយ៉ក របស់ក្រុមហ៊ុន GlobalFoundries ដែលធ្វើឱ្យទំហំវិនិយោគសរុបរបស់ខ្លួនឈានដល់៧,៤ពាន់លានដុល្លារ នៅត្រឹមឆ្នាំ២០២៨។
សេតវិមានក៏បានសរសើរក្រុមហ៊ុន Micron ផងដែរដែលបានប្រកាសបោះទុនវិនិយោគ៤០ពាន់លានដុល្លារ លើការផលិតបន្ទះឈីប ដែលនឹងជំរុញចំណែកទីផ្សាររបស់សហរដ្ឋអាមេរិក ពី២%ដល់១០%៕

