ដោយ៖ សុខុម
ប៉េកាំង: មហាយក្សចិន នៅថ្ងៃពុធ ទី១០ ខែសីហា នេះបានបាញ់បង្ហោះផ្កាយរណបថ្មីៗចំនួន១៦បន្ថែមទៀតចូលទៅក្នុងលំហអាកាសពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណបក្រុងថៃយ័ន (Taiyuan Satellite Launch Center) ក្នុងខេត្តភាគខាងជើងសានស៊ី (Shanxi)។
យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Xinhua ឱ្យដឹងថា ផ្កាយរណបទាំងនេះដែលរួមមានទាំងផ្កាយរណប Jilin-1 Gaofen 03D09 និងផ្កាយរណប Yunyao-1 04-08 ផងដែរត្រូវបានបាញ់បង្ហោះដោយយានរ៉ុក្កែត Long March-6 នៅវេលាម៉ោង ១២ និង ៥០ នាទីថ្ងៃត្រង់ ម៉ោងនៅប៉េកាំង។
ទីភ្នាក់ព័ត៌មានដដែលនេះបានអះអាងថា ការបាញ់បង្ហោះនេះទទួលបានជោគជ័យគួរឱ្យអបអរសាទរ ក្រោយផ្កាយរណបទាំងនោះបានចូលទៅក្នុងគន្លងតារាវិថីដោយសុវត្ថិភាពតាមការគ្រោងទុក។
ផ្កាយរណបថ្មីៗទាំងនេះគឺសម្រាប់ប្រើប្រាស់ក្នុងវិស័យដូចជាការស៊ិនស័រចាប់សញ្ញា និងផ្ដល់រូបភាពលើភពផែនដីសម្រាប់គោលបំណងពាណិជ្ជកម្ម។
ការបាញ់បង្ហោះផ្កាយរណបទាំងនេះគឺជាបេសកកម្មលើកទី៤៣២ ហើយសម្រាប់យានរ៉ុក្កែតស៊េរី Long March៕