ក្រុមហ៊ុនលំដាប់ពិភពលោកArup ចង់វិនិយោគលើប្រព័ន្ធរថភ្លើង MRT នៅប្រទេសកម្ពុជា

0

ដោយៈ សុផារី

ភ្នំពេញៈ ក្រុមហ៊ុនលំដាប់ពិភពលោកArup បានបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគលើ ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី និងបានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន។

នេះបើយោងតាមលទ្ធផលនៃជំនួបរវាងលោកតូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការរដ្ឋមន្ត្រី នៃក្រសួងសាធារណការ និងដឹកជញ្ជូន និង លោក Stewart Clayton នាយកប្រចាំកម្ពុជា នៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិស្ថានទូតអង់គ្លេសប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស ដើម្បីស្វែងយល់អំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

គោលបំណងនៃជំនួបនេះ ដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ន នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងផែនការសម្រាប់ពេលអនាគត។

តំណាងក្រុមហ៊ុន បានបង្ហាញនូវវិស័យសក្កានុពល ដែលខ្លួនចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី) និង បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធ ទៅនឹងលទ្ធកម្មផងដែរ។

លោក Stewart Clayton បានណែនាំឱ្យតំណាងក្រុមហ៊ុនARUP ធ្វើបទបង្ហាញ ដែលបានផ្តោតជាសំខាន់ លើសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងពិភពលោក ទាក់ទងនឹងដំណោះស្រាយ សម្រាប់វិស័យដឹកជញ្ជូន ដំណោះស្រាយបញ្ហា ចំពោះបម្រែបម្រួលអាកាសធាតុ និងផែនការមេទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការសម្របសម្រួលខ្លួន ទៅនឹងបម្រែប  ម្រួលអាកាសធាតុផងដែរ។

Arup គឺជាក្រុមហ៊ុនសេវាកម្មវិជ្ជាជីវៈ ពហុជាតិសាសន៍របស់ចក្រភពអង់គ្លេស ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងឡុងដ៍ ដែលផ្តល់នូវការរចនា វិស្វកម្ម ស្ថាបត្យកម្ម ការធ្វើផែនការ និងសេវាកម្មប្រឹក្សានៅគ្រប់ទិដ្ឋភាព នៃគម្រោងសាងសង់។

ក្រុមហ៊ុននេះ មានបុគ្គលិកប្រមាណ១៦ពាន់នាក់ នៅក្នុងការិយា​ល័យជាង៩០ នៅទូទាំង៣៥ប្រទេសជុំវិញពិភពលោក។

លោករដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្ត ដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយ ការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP ដើម្បីដំឡើងស្ថានីយសាកថ្ម Evs នៅទីស្តីការក្រសួង និងបណ្តារាជធានី-ខេត្តមួយចំនួន ការសិក្សាប្រព័ន្ធប្រតិបត្តិការ រថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញ គម្រោងស្តីពីការដឹកជញ្ជូនបៃតង នៅខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំជាមួយធនាគារពិភពលោក និងសារសំខាន់នៃផែនការមេ សម្រា​ប់ការអភិវឌ្ឍន៍ទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។

លោក Stewart Clayton បានជម្រាបជូនផងដែរ អំពីគម្រោងរៀបចំសិក្ខាសាលាមួយនៅកម្ពុជា ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយ លើវិស័យដឹកជញ្ជូនរបស់កម្ពុជា ក្នុងគោលដៅសម្រេចបាននូវការកាត់បន្ថយកាបូនឱ្យនៅកម្រិតសូន្យ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here