ដោយៈ គង់ សូរិយា
ភ្នំពេញៈ ប្រទេសកម្ពុជា អាចនឹងចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅឆ្នាំ២០២៤ខាងមុខ ប្រសិនបើកម្ពុជាជាប់ចំណាត់ថ្នាក់ជាលើកទី២ តាមរយៈការត្រួតពិនិត្យរាល់បីឆ្នាំម្ដង (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិស្ដីពី គោលនយោបាយអភិវឌ្ឍន៍។
យ៉ាងណាក្តីការចាកចេញ ពីប្រទេសអភិវឌ្ឍន៍តិចតួចនេះ កម្ពុជានឹងលែងទទួលបានការអនុគ្រោះពន្ធពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិទៀតនោះឡើយ។
នៅក្នុងកិច្ចប្រជុំសិក្សាវាយតម្លៃ ពីភាពងាយរងគ្រោះរបស់កម្ពុជា (Vulnerability Profile-VP) នៅពេលចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច ជាមួយគណៈកម្មការអង្គការសហប្រជាជាតិ នៅថ្ងៃទី១០-១២ ខែសីហា លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានលើកឡើងអំពីការខិតខំប្រឹងប្រែង និងសមិទ្ធផលយ៉ាងច្រើនរបស់កម្ពុជា ជាលទ្ធផល តាមរយៈការត្រួតពិនិត្យ (triennial review) ដោយគណៈកម្មការអង្គការសហប្រជាជាតិស្ដីពី គោលនយោបាយអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២១ កម្ពុជាត្រូវបានរកឃើញថា បានជាប់ចំណាត់ថ្នាក់ ចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចជាលើកទី១។
លោកអនុរដ្ឋលេខាធិការ ក៏បានលើកឡើង ពីការបាត់បង់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងវិធានការពាក់ព័ន្ធនឹងជំនួយអន្ដរជាតិ នៅពេលកម្ពុជាចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតូច មានន័យថា កម្ពុជាត្រូវរៀបចំយុទ្ធសាស្ដ្រថ្នាក់ជាតិ ក្នុងការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចដោយរលូន និងមិនមានផលប៉ះពាល់ធ្ងន់ធ្ងរ។
លោក Junior Davis នាយកផ្នែកស្រាវជ្រាវ និងវិភាគនៃអង្គការ UNCTAD បានបង្ហាញទិន្នន័យមួយចំនួនរបស់កម្ពុជា ដែលបានជាប់ចំណាត់ថ្នាក់ចាកចេញពីLDC ជាលើកទី១ ក្នុងឆ្នាំ២០២១ ដែលទិន្នន័យទាំងនោះមានដូចជា សន្ទស្សន៍ចំណូលជាតិសរុប ធនធានមនុស្ស និងភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ចនិងបរិស្ថាន។
លោកបានបន្ដថា កម្ពុជានឹងត្រូវបានត្រួតពិនិត្យម្ដងទៀត នៅឆ្នាំ២០២៤ ដើម្បីសម្រេចថា តើកម្ពុជាអាចចាកចេញពី LDC ដោយជោគជ័យឬទេ។ នៅពេលកម្ពុជាចាកចេញពី LDC កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ ក្របខណ្ឌជំនួយបច្ចេកទេស និងកម្ចីសម្បទានជាដើម។
លោកឱ្យដឹងទៀតថា ដើម្បីឱ្យកម្ពុជាអាចចាកចេញពី LDC បានដោយរលូន ក្រុមការងារ UNCTAD នឹងរៀបចំការសិក្សាភាពងាយរងគ្រោះ ដែលមាន ៤ ផ្នែកដូចជា (១)ការវិភាគស្ថានការណ៍ទូទៅនៃសមត្ថភាពផលិតធៀបនឹងតំបន់ (២)កំណត់ភាពងាយរងគ្រោះ ផ្អែកលើភាពចម្រើនរុងរឿង សន្ដិភាព មនុស្ស បរិស្ថាន និងភាពជាដៃគូ (៣)ផលប៉ះពាល់នៃភាពងាយរងគ្រោះ (៤)គោលនយោបាយសម្រាប់ភាពធន់សេដ្ឋកិច្ចនិងបរិស្ថាន៕