អាមេរិកគ្រោងនាំក្រុមហ៊ុនវិនិយោគធំៗ Amazon និងMeta ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា

0

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យសំខាន់ៗ ជាពិសេសវិស័យយានយន្ត និងបច្ចេកវិទ្យា របស់សហរដ្ឋអាមេរិក។

អ្នកតំណាងសហរដ្ឋអាមេរិកបានស្នើកម្ពុជាលើកកម្ពស់បរិយាកាសវិនិយោគបន្ថែម និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាមេរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម ស្របពេលដែលអាមេរិកកំពុងវាយតម្លៃលក្ខខណ្ឌនានា ថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់កម្ពុជាដែរឬទេ។

លោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នៅថ្ងៃទី១០ ខែសីហាម្សិលមិញ បានថ្លែងអំណរគុណដល់ប្រទេសកម្ពុជា ដែលសម្រេចទទួលយកស្តង់ដារយានយន្តរបស់អាមេរិក ជាហេតុធ្វើឱ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្តសហរដ្ឋអាមេរិក។

លោកស្រីបានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។

ជាមួយគ្នានេះ លោកស្រីក៏បានបញ្ជាក់ថា ថ្មីៗនេះរាជរដ្ឋាភិបាលសហរដ្ឋអាមេរិកកំពុងដំណើរការនីតិវិធីវាយតម្លៃលក្ខខណ្ឌនានា លើប្រទេសដែលទទួលអត្ថប្រយោជន៍មួយចំនួន ដើម្បីសម្រេចថានឹងបន្តផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ដល់ប្រទេសទាំងនោះ ឬយ៉ាងណា ដែលក្នុងនោះក៏មានកម្ពុជាផងដែរ។

លោក បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិកមានចំនួន៦,២ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន៦១,៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។

លោកក៏បានលើកឡើងអំពីវឌ្ឍនភាពជាវិជ្ជមានក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេសដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here