ដោយៈ សុផារី
ភ្នំពេញៈ ក្រសួងឧស្សាហកម្ម បានចូលរួមក្នុងការចេញលិខិតអនុញ្ញាតឱ្យបង្កើតតំបន់សេដ្ឋកិច្ច ពិសេសចំនួន២៣តំបន់ នៅ១០រាជធានីខេត្ត ដែលនេះបញ្ជាក់ថា កម្ពុជាមានការរីកចម្រើន គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចជាតិ។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បញ្ជាក់នៅថ្ងៃទី១១ ខែសីហាកន្លងមកថា មកទល់ពេលនេះ ក្រសួងបានចេញលិខិតអនុញ្ញាតនៅ១០ រាជធានី ខេត្តមាន ដូចជា ខេត្តស្វាយរៀងមានចំនួន៨តំបន់ ខេត្តបន្ទាយមានជ័យមានចំនួន៣តំបន់ ខេត្តព្រះសីហនុមានចំនួន៣តំបន់ ខេត្តកោះកុងមានចំនួន២តំបន់ ខេត្តកណ្តាលមានចំនួន២តំបន់ ខេត្តកំពង់ឆ្នាំងមានចំនួន១តំបន់ ខេត្តកំពង់ស្ពឺមានចំនួន២តំបន់ ខេត្តកំពតមានចំនួន១តំបន់ ខេត្តក្រចេះមានចំនួន១តំបន់ និងរាជធានីភ្នំពេញមានចំនួន១តំបន់។
-->
លោកបានឱ្យដឹងថា “តំបន់សេដ្ឋកិច្ចចំនួន២៣តំបន់នេះ មានរោងចក្រចំនួន៣៩០រោងចក្រ ហើយមានកម្មករកម្មការិនី បម្រើការងារមានចំនួនជាង១៦ម៉ឺននាក់ និងទុនវិនិយោគប្រមាណ៣ពាន់លានដុល្លារ”។លោកបន្ថែមថា “យើងឃើញថា នេះជាភាពជោគជ័យធំមែនទែន សម្រាប់កម្ពុជារបស់យើង ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតតំបន់សេដ្ឋកិច្ចពិសេស ឱ្យមានភាពទាក់ទាញ”។

លោកហេង សុខគង់បន្ថែមទៀតថា ការបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចនេះឡើងក្នុងគោលបំណង ដើម្បីជួយបង្កើតការងារជូន ដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើ និងជំរុញឱ្យមានការវិនិយោគពីក្រៅប្រទេសកាន់ តែច្រើនឡើង និងបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ រួមនឹងកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បន្តយកចិត្តទុកដាក់អនុវត្តគោល នយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ក្នុងគោលបំណងធ្វើការអភិវឌ្ឍវិស័យឧស្សាហកម្ម នៅកម្ពុជា ប្រែក្លាយទៅជាប្រទេសឧស្សាហកម្ម ភាវូបនីយកម្មនា ឆ្នាំ២០២៥ ឬជាឧស្សាហកម្មប្រើប្រាស់ជំនាញ និងបច្ចេកវិទ្យា ដែលមានខ្សែសង្វាក់បង្កើតតម្លៃបន្ថែមខ្ពស់ ស្របតាមចរន្តនៃការរីកចម្រើនវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលហៅថាបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ដោយឈរលើមូលដ្ឋានអភិវឌ្ឍន៍ពិពិធកម្ម៕
