ដោយៈគង់ សូរិយា
ភ្នំពេញៈ បារាំងបានគ្រប់គ្រងកម្ពុជាជិត១០០ឆ្នាំ ប្រជាជាតិនេះបានបន្សល់ទុកនូវកេរ្ត៍ដំណែលយ៉ាងច្រើនដល់កម្ពុជា។ នេះបើតាមសំណេររបស់លោកសាស្រ្តចារ្យបណ្ឌិតរស់ ចន្រ្តាបុត្រ ដែលបានសរសេរក្នុងសៀវភៅ “ដំណើរស្វែងរកសន្តិភាពនៅកម្ពុជា។
លោកសាស្រ្តាចារ្យបណ្ឌិត បានគូសរំលេចចំណុចសំខាន់ៗចំនួន៧ ចំណុច ដែលបារាំងបានបន្សល់ទុកសម្រាប់ប្រជាជាតិនេះ រួមមាន ទី ១) រក្សាទឹកដីខ្មែរ ឲ្យបានសេសសល់គង់វង្សរហូតមកដល់បច្ចុប្បន្ន។ ទី២) ទាមទារយកទឹកដីខេត្តខ័ណ្ឌខ្មែរ ពីសៀមមកប្រគល់ឲ្យខ្មែរវិញ ក្នុងគ.ស ១៨៨៣,១៨៩៣,១៩០៤,១៩០៧ មានម្លូរព្រៃ កោះកុង ស៊ីសុផុន បាត់ដំបង និងសៀមរាប។ ទី៣) រៀបចំទឹកដីសង្គមជាតិខ្មែរ ឲ្យក្លាយជាសង្គមទំនើប ដូចអរិយប្រទេសនៅបស្ចឹមលោក។ ទី៤) បណ្តុះបណ្តាលផ្នែកអប់រំ និងបញ្ញវន្តខ្មែរ។
-->

ទី៥) ចងក្រងវប្បធម៌ខ្មែរ ប្រវត្តិសាស្ត្រខ្មែរ និងលើកស្ទួយតម្កើងឲ្យពិភពលោកបានស្គាល់អ្វី ដែលជាអតីតកាលដ៏អស្ចារ្យរបស់ខ្មែរ។ ទី៦) ជួសជុលសាងសង់ប្រាសាទខ្មែរទាំងប៉ុន្មាន ដែលយើងបានបំភ្លេច និងបោះបង់ចោលក្នុងព្រៃ ក្រមថ្ម ដែលផ្តល់នូវមោទនភាពដល់ខ្មែរ នៅពេលបច្ចុប្បន្ន និងអនាគត។ និងទី៧) ប្រទេសបារាំងបានផ្តល់ឯករាជ្យដល់កម្ពុជា ក្នុងបរិយាកាសល្អប្រសើរ មានសន្តិសុខ សន្តិភាព គ្មានការបង្ហូរឈាមដូចនៅប្រទេសផ្សេងៗឯទៀត។ល។
លោកបានសរសេរបន្តថា “ប៉ុន្តែបើប្រៀបធៀបទៅប្រទេសផ្សេងទៀត ក្នុងអតីតកាលអាណានិគមបារាំង កម្ពុជាបានទទួលសមិទ្ធផល និងកេរមរតកតិចជាងគេ”។ លោកបន្ថែមថា “មិនតែប៉ុណ្ណោះ បារាំងក៏បានយកទឹកដីខ្មែរមួយចំនួនធំ ទៅឲ្យប្រទេសជិតខាងកម្ពុជាទៅវិញ ក្នុងគោលបំណងបម្រើនយោបាយរបស់ខ្លួនផងដែរ”៕