រដ្ឋាភិបាលថៃគ្រោងសាងសង់ទីក្រុងរណបមួយនៅជាយក្រុងបាងកក

0

ដោយៈ សុខុម

បាងកក: រដ្ឋបាលសាលាក្រុងបាងកក ប្រទេសថៃ កំពុងពិចារណាលើផែនការសាងសង់ “ទីក្រុង រណប” មួយនៅជាយក្រុងបាងកក ប្រទេសថៃ។

អភិបាលក្រុងបាងកក លោក Chadchart Sittipunt បានទម្លាយឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ថា “ប្លង់ទីក្រុងនេះ នឹងត្រូវបានឌីហ្សាញឡើង ដោយមានលក្ខណៈជាទីក្រុងពេញលេញ ដើម្បីជួយកាត់បន្ថយការធ្វើដំណើរទៅកាន់ក្រុងបាងកក។ នេះមិនមែនជារឿងងាយស្រួលនោះទេ ព្រោះវាជាគំនិតមួយដែលនឹងត្រូវការផ្ទៃដីយ៉ាងធំ”។

អភិបាលក្រុងរូបនេះបានលើកឡើងបែបនេះ បន្ទាប់ពីកិច្ចប្រជុំមួយនៅសាលាក្រុង ជាមួយក្រុមនាយកប្រតិបត្តិ នៃរដ្ឋបាលក្រុងបាងកក (BMA) និងក្រុមមន្ត្រីជាន់ខ្ពស់ មកពីនាយកដ្ឋានផែនការទីក្រុង នៃរដ្ឋបាលក្រុងបាងកក។

លោក Chadchart Sittipunt ថ្លែងថា ផែនការបឋមស្នើឱ្យសាងសង់ទីក្រុងរណបថ្មីនេះ នៅក្នុងតំបន់ដូចជា Lat Krabang តំបន់ Romklao ឬតំបន់ Bang Khunthien ដែលជាប់ព្រំប្រទល់ក្រុងបាងកក នៅលើដីផ្ទៃដីយ៉ាងធំ ដែលជាកម្មសិទ្ធិរបស់បណ្ដាទីភ្នាក់ងាររដ្ឋ ដូចជា អាជ្ញាធរជាតិលំនៅដ្ឋាន (National Housing Authority) ជាដើម។

លោកគូសបញ្ជាក់ថា “គម្រោងទីក្រុងរណបថ្មីនេះ មិនត្រឹមតែមានសហគមន៍លំនៅដ្ឋានប៉ុណ្ណោះ ប៉ុន្តែវាក៏មានអគារការិយាល័យ សាលារៀន ឧទ្យាន មន្ទីរពេទ្យ និងប្រព័ន្ធដឹកជញ្ជូនសាធារណៈ Transit System ផងដែរ”។

លោកក៏បានលើកឡើងដែរថា ប្រព័ន្ធទិន្នន័យរបស់រដ្ឋបាលក្រុងបាង​កកស្ដីពី ពន្ធលើដីធ្លី និងអគារចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពជាបន្ទាន់ សម្រាប់ប្រព័ន្ធប្រមូលពន្ធមួយ ដែលមានភាពសុក្រឹតត្រឹមត្រូវជាងមុន។

លោកបន្ថែមទៀតថា រដ្ឋបាលក្រុងបាងកក គ្មានទិន្នន័យបច្ចុប្បន្នភាពស្ដីពីដីធ្លីជាង១,១លានឡូត៍នៅក្នុងទីក្រុងនេះទេ ដែលគ្របដណ្ដប់ជាងពាក់កណ្ដាលនៃផ្ទៃដីសរុប។

ទោះជាយ៉ាងណា គ្មានការបញ្ជាក់ជាផ្លូវការថា គម្រោងទីក្រុងរណបនេះ គ្រោងនឹងចាប់ផ្ដើមសាងសង់នៅពេលណា ហើយគ្រោងនឹងចំណាយទុនវិនិយោគអស់ប៉ុន្មាននោះឡើយ៕  The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here