AMROព្យាករណ៍សេដ្ឋកិច្ចកម្ពុជាទាបជាងរដ្ឋាភិបាលកម្ពុជា

0

ដោយៈ គង់ សូរិយា

       អន្តរជាតិៈ  ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូសេដ្ឋកិច្ច​អាស៊ាន​+ ៣ (AMRO) ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី​បាន​ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា​នឹង​កើនឡើង៥ ភាគរយ​នៅក្នុង​ឆ្នាំ​ ២០២២។

ការព្យាករណ៍៍កំនើននេះ ដោយសារ​តែ​អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់ និង​ការលើក​ទឹកចិត្ត​សារពើពន្ធ​ដ៏រឹងមាំ​ ប៉ុន្តែស្ថាប័ន​មួយ​នេះ ​បាន​ព្រមាន​ថា ការនាំចេញ​ជាពិសេស​សម្លៀកបំពាក់ និង​វាយនភណ្ឌ​ទៅ​អាមេរិក និង​សហភាព​អឺរ៉ុប​នឹង​ធ្លាក់ចុះ​នៅ​ឆមាស​ទី​២​។

ទោះជាយ៉ាងណាធនាគារជាតិនៃកម្ពុជាបានព្យាករណ៍កាលពីដំណាច់ត្រីមាសទី២ឆ្នាំនេះថា សេដ្ឋកិច្ចកម្ពុជានឹងសម្រេច បានកំនើន៥,៤ភាគរយ។

​យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ដែលបានចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែសីហា ឆ្នាំ​ ២០២២ របស់ស្ថាប័ននេះបានបង្ហាញថា សេដ្ឋកិច្ច​កម្ពុជា​មាន​ភាពធន់​។ ការបន្ធូរបន្ថយ​ការរឹតបន្តឹង ​លើ​ការរីករាលដាល​ជំងឺ​កូវីដ​១៩ បាន​បង្កើន​សកម្មភាព​ក្នុងស្រុក ខណៈ​ដែល​តម្រូវការ​ខាងក្រៅ​ដ៏រឹងមាំ ​បាន​គាំទ្រ​ការស្ទុះ​ងើបឡើង​វិញ​នៅ​ឆមាស​ទី​១ ​ឆ្នាំ ​២០២២​។

ស្ថាប័នAMRO បាន​លើកឡើង​ថា​ “នៅពេល​ដែល​សេដ្ឋកិច្ច​ស្ទុះ​ងើបឡើង​វិញ ហើយ​ការរីករាលដាល​ជំងឺ​កូវីដ១៩ធូរស្រាល វា​នឹងមាន​សារៈសំខាន់​ណាស់ ​ក្នុង​ការ​ផ្តោតលើ​គោលនយោបាយ​ ឆ្ពោះ​ទៅរក​កំណែទម្រង់​រចនាសម្ព័ន្ធ ដែល​នឹង​ជួយ​បង្កើន​សក្តានុពល​ កំណើន​សេដ្ឋកិច្ច​រយៈពេល​វែង”។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា ការវាយតម្លៃ​បឋម​ត្រូវបាន​ធ្វើឡើង​ដោយ AMRO បន្ទាប់ពី​ដំណើរ​ទស្សនកិច្ច​ពិគ្រោះ​យោបល់ ​ប្រចាំឆ្នាំ​របស់​ខ្លួន បាន​មក​ប្រទេស​កម្ពុជា​នៅ​ថ្ងៃទី២០ ខែ​កក្កដា ដល់​ថ្ងៃទី​៣ ខែសីហា ឆ្នាំ ២០២២​។

​លោកJinho Choi អនុប្រធាន​ក្រុមAMRO និង​ជា​សេដ្ឋវិទូ​ជាន់ខ្ពស់​នៅAMRO​បានមានប្រសាសន៍ថា សេដ្ឋកិច្ច​កម្ពុជា​ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង ៥,០ភាគរយ​នៅ​ឆ្នាំ​ ២០២២​ កើនឡើង​ពី៣,០ ភាគរយ​កាលពី​ឆ្នាំ​២០២១​។ ស្របតាម​យុទ្ធសាស្ត្រ​របស់​កម្ពុជា ​ក្នុង​ការរស់នៅ​ជាមួយ​ជំងឺ​កូវីដ​១៩​ យើង​រំពឹងថា ​សេដ្ឋកិច្ច​ក្នុង​ស្រុក​នឹង​បន្ត​កើនឡើង​ ដែល​គាំទ្រ​ដោយ​អត្រា​ការចាក់​វ៉ាក់សាំង​ខ្ពស់ និង​ការពង្រឹង​វិធី​ការពារ​សុខភាព​​។

លោក​បន្តថា “ចក្ខុវិស័យ​សម្រាប់​ការនាំចេញ ​នឹងមាន​ការប្រកួត​ប្រជែ​ង ដោយសារ​តែ​អាមេរិក និង​សហភាព​អឺរ៉ុប​ត្រូវ​បាន​គេ​រំពឹងថា ​នឹង​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ឆមាស​ទី២ឆ្នាំ​នេះ ដែល​អាចដាក់​សម្ពាធ​យ៉ាងខ្លាំង​លើ​វិស័យ​កាត់ដេរ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here