ដោយៈ សុខុម
អន្តរជាតិ: ក្រុមហ៊ុនយក្ស McDonald’s ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែសីហា ថា ខ្លួនមានគម្រោងបើកភោជនីយដ្ឋាន របស់ខ្លួនឡើងវិញនៅអ៊ុយក្រែន ក្នុងប៉ុន្មានខែខាងមុខនេះ។
នេះជាសញ្ញាបង្ហាញថា បណ្ដាអាជីវកម្មលោកខាងលិច ចាប់ផ្ដើមវិលត្រលប់ទៅប្រទេសនេះវិញជាបណ្ដើរៗហើយ ទោះជាសង្គ្រាមជាមួយរុស្ស៊ី កំពុងបន្តនៅឡើយក្ដី។
ក្រុមហ៊ុនខ្សែសង្វាក់បឺកហ្គើដ៏ធំបំផុត របស់ពិភពលោកមួយនេះ បានបិទភោជនីយដ្ឋានទាំងអស់ របស់ខ្លួននៅអ៊ុយក្រែន និងរុស្ស៊ី កាលពីខែមីនា បន្ទាប់ពីក្រុងមូស្គូ បានបញ្ឆេះសង្គ្រាមចូលឈ្លានពាន ប្រទេសនៅអឺរ៉ុបខាងកើត មួយនេះនៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ។
ក្រុមហ៊ុន McDonald’s មានភោជនីយដ្ឋានសរុបចំនួន១០៩សាខានៅអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីចំនួន ដែលខ្លួនគ្រោងនឹងបើកដំណើរការឡើងវិញនោះឡើយ។
ក្រុមហ៊ុននេះ បានលក់ភោជនីយដ្ឋានទាំង៨៥០សាខារបស់ខ្លួន នៅរុស្ស៊ី ឱ្យទៅជនជាតិរុស្ស៊ី ម្នាក់ដែលជាអ្នកទទួលអាជ្ញាប័ណ្ណពីខ្លួន ក្នុងខែឧសភា ដើម្បីចាកចេញពីប្រទេសនេះ ក្រោយរងសម្ពាធទណ្ឌកម្មរបស់លោកខាងលិច និងបណ្ដាសម្ព័ន្ធមិត្ត។
ប្រធានទីផ្សារអន្តរជាតិនៃក្រុមហ៊ុន McDonald’s លោក Paul Pomroy បានលើកឡើងតាមរយៈសារមួយផ្ញើទៅកាន់បុគ្គលិកថា ការសម្រេចចិត្តបើកដំណើរការឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីមាន “ការពិគ្រោះយោបល់ និងពិភាក្សាយ៉ាងល្អិតល្អន់ ជាមួយមន្ត្រីអ៊ុយក្រែន អ្នកផ្គត់ផ្គង់ និងអ្នកជំនាញផ្នែកសន្តិសុខ និងដោយសារបុគ្គលិករបស់យើ ងស្នើសុំចូលធ្វើការវិញ”។
ក្រុមហ៊ុនអាហារសម្រន់ Yum Brands ដែលជាម្ចាស់ភោជនីយដ្ឋាន KFC និងភោជនីយដ្ឋានPizza Hut បានប្រកាសកាលពីដើមខែនេះថា ហាងស្ទើរតែទាំងអស់របស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន បានបើកដំណើរការឡើងវិញហើយ៕ Reuters៕