ដោយៈ សុផារី
ភ្នំពេញៈ ទោះប្រឈមវិបត្តិជំងឺកូវីដ១៩ក្តី អត្រាការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំក្នុងសហគមន៍ បានបង្កើនទំនុកចិត្ត សម្រាប់អ្នកបញ្ជាទិញ និងអ្នកវិនិយោគចំពោះប្រទេសកម្ពុជា ដោយបានបង្កើនលំហូរការបើកដំណើរការរោងចក្រថ្មីៗជាច្រើន នៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តសក្តានុពលនានា។
ជាក់ស្តែង ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៣ទៀត ក្រោមទុនវិនិយោគសរុបជិត១៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានជាច្រើនកន្លែង។
យោងតាមសេចក្តីប្រកាសផ្លូវការរបស់ CDC នៅថ្ងៃទី១២ ខែសីហាថា គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចជា ទី១ ក្រុមហ៊ុនJADE FASHION (CAMBODIA) GARMENTS COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ៥,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២៤កន្លែង។
ទី២.ក្រុមហ៊ុន HONG YU FANG GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន១.០២៩កន្លែង។
ទី៣. ក្រុមហ៊ុនSHUN WEI FANG ZHI KE JI CO., LTD គម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន២២៦កន្លែង។
លោកហេង សុខគង់ រដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ បានមានប្រសាសន៍នៅថ្ងៃទី១១ ខែសីហាម្សិលមិញថា វិស័យឧស្សាហកម្មនៅកម្ពុជា បានបង្ហាញកំណើនល្អប្រសើរ ជាពិសេសក្នុងរយៈពេល៦ខែឆ្នាំនេះ ដោយរំពឹងថា ផលិតភាពក្នុងវិស័យគ្រឹះនេះ នឹងរួមចំណែកជិត៤០ភាគរយ នៃផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំនេះ។
លោកបានឱ្យដឹងថា គិតត្រឹមឆមាសទី១ឆ្នាំនេះ រោងចក្រថ្មីៗប្រមាណជាង១០០មកបណ្តាក់ទុន បើកដំណើរការនៅកម្ពុជា ដោយសារកម្ពុជានៅតែទទួលបានការផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ផលិតកម្ម ដែលធ្វើឱ្យម្ចាស់រោងចក្រមិនបារម្ភពីកង្វះវត្ថុធាតុដើម ការបិទទ្វាររោងចក្រ ក៏ដូចជាមិនបារម្ភពីការបញ្ជាទិញ។
យោងតាមរបាយការណ៍របស់ក្រសួង បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២២នេះ ផលិតផលក្នុងវិស័យឧស្សាហកម្ម ដែលបានផលិតសម្រាប់ផ្គត់ផ្គង់ទាំងក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានតម្លៃ៧.៥៧៧លានដុល្លារអាមេរិក កើនឡើង៣.២៥៤លានដុល្លារ ឬស្មើនឹង៧៥,២៧% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។ ក្នុងនោះ ផលិតផលបម្រើទីផ្សារ ក្នុងស្រុកមានចំនួនជាង២.៣១៥លានដុល្លារអាមេរិក និង ផលិតផលនាំចេញ មានចំនួនជាង៥.២៦២លានដុល្លារអាមេរិក៕