ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ សន្និបាតនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក នឹងប្រារពធ្វើឡើងនៅទីក្រុងភ្នំពេញនាថ្ងៃទី១ធ្នូខាងមុខនេះ ដោយព្រឹត្តិការណ៍នេះ នឹងមានអ្នកជំនាញអចលនទ្រព្យមកពីជាង១០ប្រទេស មកចូលរួមក្នុងព្រឹត្តិការណ៍មិនធ្លាប់មាននេះ។
នាយិកក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia អ្នកនាង Grace Rachy Fongបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៣ វិច្ឆិកាកន្លងមកថា ព្រឹត្តិការណ៍នេះមិនធ្លាប់មាននៅកម្ពុជា ហើយកម្ពុជាជាប្រទេសទី៧៥ ដែលមាននាំយកមកនូវសិទ្ឋអាជីវកម្មពីក្រុមហ៊ុន Century21ពិភពលោក ដែលបច្ចុប្បន្ន Century21 បានពង្រីកទីតាំងនិងការិយាល័យរហូតដល់៨១ប្រទេសរួចហើយ។
អ្នកនាងបន្តថា “នេះជាលើកទី១ដែលកម្ពុជារៀបចំព្រឹត្តិការណ៍នេះ ដើម្បីបង្ហាញពីកំលាំងនៃការរួបរួមរបស់យើង និងបង្ហាញពីសក្តានុពលនៃ Century21 Cambodiaពិសេសការផ្តល់ទំនុកចិត្តក្នុងទីផ្សារពីសេវាកម្មរបស់យើង។
កម្មវិធីនេះនឹងមានការចូលរួមពីអ្នកវិនិយោគជាតិ អន្តរជាតិ អ្នកជំនាញផ្នែកធនាគារនិងដៃគូអាជីវកម្មជាច្រើនទៀត។ កម្មវិធីនេះនឹងប្រារពឡើងនៅសណ្ឋាគារសុខារ៉េស៊ីដេន។
អ្នកនាង Grace Rachny Fong បានបន្តថា កម្មវិធីនេះនឹងបង្ហាញពីឳកាសនៃការវិនិយោគ និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគអន្តរជាតិមកកម្ពុជា ព្រោះភ្ញៀវខ្លះពួកគេមិនធ្លាប់មកកម្ពុជា ហេតុនេះពេលពួកគេមកកាន់កម្ពុជា ពួកគេនឹងចាប់យកឳកាសចេញពីទីនេះ និងផ្សព្វផ្សាយពីសក្តានុពលវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាទៅកាន់ពិភពលោក។
អគ្គនាយកក្រុមហ៊ុន Century21 Mekong លោកច្រឹក សុខនីមបានថ្លែងថា សន្និបាតនេះជាឳកាស សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍ ពង្រឹងចំណងមត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា និងភ្នាក់ងារអចលនទ្រព្យនៃក្រុមហ៊ុនCentury21 មកពីបណ្តាប្រទេសនានាអាចជួបជុំគ្នាក្នុងពិធីនេះ។ លោកបន្តថា កន្លងមកក្រុមហ៊ុនភ្នាក់ងារ Century21 កម្ពុជាចេញក្រៅប្រទេស ប៉ុន្តែពេលនេះ យើងអញ្ជើញពួកគេមកវិញ ដើម្បីសិក្សា និងទាញយកកាលានុវត្តន៍ភាពពីការរីកចម្រើន ក្នុងវិស័យនេះនៅកម្ពុជា។
លោកបន្តថា “កម្មវិធីនេះក៏ជាការផ្តល់ឳកាស និងទាក់ទាញការវិនិយោគពីអ្នកវិនិយោគមកកម្ពុជាផងដែរ ពិសេសការពង្រឹងនិងពង្រីកទំនុកចិត្តក្នុងទីផ្សារនេះ។
ជាមួយគ្នានេះសន្និបាតនេះ នឹងមានការផ្តល់ពានរង្វាន់ដល់ក្រុមហ៊ុនអចលនទ្រព្យដែលជាក្រុមគ្រួសារ Century21 ដែលបានលក់អចលនទ្រព្យ និងទទួលបានកម្រៃជើងសារបានច្រើនជាងគេផងដែរ។
លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Century21 Cambodia បានថ្លែងឲ្យដឹងផងដែរថា នេះជាព្រឹត្តិការណ៍ដ៏សំខាន់ ដែលយើងអាចពង្រីកការផ្សព្វផ្សាយពីសក្តានុពលនៃវិស័យសំណង់ និងអចលនទ្រព្យកម្ពុជាទៅកាន់ពិភពលោក និងជាការពង្រីកទីផ្សារ និងឪកាសសម្រាប់ក្រុមហ៊ុនជាសមាជិក Century21 Family ទៅកាន់ទីផ្សារនៅក្រៅប្រទេស។ លោកបន្តថា ដើម្បីពង្រីកទីផ្សារទៅក្រៅប្រទេសបាន ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ Century21 ត្រូវឆ្លងកាត់ប្រព័ន្ឋការងារទាំងនេះ ដើម្បីពួកគេអាចធ្វើការជាមួយភ្នាក់ងារនៃក្រុមហ៊ុន Century21 នៅអន្តរជាតិបាន។
លោកបន្តថា “ចង់មិនចង់ទីផ្សាររបស់យើងនឹងរីកទៅកាន់បរទេស ហេតុនេះការចាប់បានឳកាស និងពង្រីកសក្តានុពលនៃក្រុមហ៊ុននិមួយៗ វាអាស្រ័យលើសេវាកម្មនិងទំនុកចិត្តដែលពួកគេផ្តល់ឲ្យដៃគូ”៕