ក្រុមហ៊ុនថៃធំមួយគ្រោងសាងសង់វិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាបដិវត្តន៍ឧស្សាហកម្មទី៤នៅកម្ពុជា

0

ដោយ : សុផារី

ភ្នំពេញៈ ក្រុមហ៊ុនធំមួយរបស់ប្រទេសថៃ SNC Former Public Company Ltd គ្រោងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា លក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយនៅកម្ពុជា។

គំរោងវិនិយោគនេះ ធ្វើឡើងដើម្បីបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ចុះផ្សាយនៅថ្ងៃទី១៣ ខែសីហាម្សិលមិញ។

លោក អ៊ូក សោភ័ណ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ បានស្វាគមន៍ ផែនការបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាល បច្ចេកវិទ្យាកម្រិតខ្ពស់ ដើម្បីគាំទ្របដិវត្តន៍ឧស្សាហកម្មទី៤. នៅកម្ពុជា ដែលផ្តួចផ្តើមដោយសាជីវកម្ម SNC Former Public Company Ltd ដោយសារគម្រោងនេះ អាចជួយអភិវឌ្ឍធនធានមនុស្ស និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគផ្ទាល់ពីបរទេស។

ក្រុមហ៊ុនសាជីវកម្ម SNC Former Public Limited Company Ltd បង្កើតឡើងដំបូងក្នុងឆ្នាំ១៩៩៤ ហើយបច្ចុប្បន្នបាន និងកំពុងធ្វើប្រតិបត្តិការធុរកិច្ច ដោយប្រើប្រាស់រ៉ូបូតភាគច្រើន ដើម្បីផលិតគ្រឿងបន្លាស់ម៉ាស៊ីនត្រជាក់សម្រាប់គេហដ្ឋាន និងរថយន្ត ទូទឹកកក និងទូរទស្សន៍ សម្រាប់លក់ផ្ទាល់ ជូនអតិជនដែលជាម្ចាស់ម៉ាកយីហោល្បីៗនៅក្នុងប្រទេសថៃ និងតំបន់អាស៊ី។

លោក អ៊ូក សោភ័ណ បានឱ្យដឹងថា គម្រោងបង្កើតវិទ្យាស្ថានបណ្ដុះបណ្ដាលបច្ចេកវិទ្យាកម្រិតខ្ពស់នេះ ដើរតួនាទីសំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា ពីព្រោះវាមានសង្គតិភាព ជាមួយផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) ឆ្នាំ២០១៥-២០២៥ និងមានសក្តានុពលធ្វើឱ្យសម្រេចនូវ ចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់។

លោកបណ្ឌិត Somchai Thaisa-nguanvorakul ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុន SNC Former Public Company Ltd បានបញ្ជាក់ថា ក្រុមហ៊ុនធ្លាប់បានសិក្សាលើវិស័យជាច្រើននៅកម្ពុជា រាប់តាំងពីការគ្រប់គ្រងកាកសំណល់ (Waste management) រហូតដល់ថាមពលកកើតឡើងវិញ (Renewable energy) ហើយឥឡូវក៏មានបំណងបង្កើតវិទ្យាស្ថានបច្ចេកវិទ្យា លក្ខណៈស្តង់ដារស្វ័យប្រវត្តិទំនើបមួយ ដើម្បីបំពាក់បំប៉នជំនាញផលិតឧបករណ៍ និងគ្រឿងអេឡិចត្រូនិកដល់យុវជនកម្ពុជា សម្រាប់គាំទ្រការវិនិយោគ ពង្រីកទីផ្សាររបស់ក្រុមហ៊ុននាពេលអនាគត៕

LEAVE A REPLY

Please enter your comment!
Please enter your name here