ដោយ វុត្ថា
ភ្នំពេញ៖ TPI Polene Public Company Limited ជាក្រុមហ៊ុនថៃដ៏ធំលំដាប់ទី2 សហការជាមួយក្រុមហ៊ុនក្នុងស្រុក គ្រោងបោះទុនជាង 20លានដុល្លារវិនិយោគលើរម្មណីយដ្ឋាន សាងសង់ផ្ទះល្វែង និងខុនដូរនៅតាមណ្តោយផ្លូវជាតិលេខ3 នាពេលខាងមុខនេះ បន្ទាប់ពីសិក្សាលើគម្រោងរួចរាល់កាលពីម្សិលមិញនៅក្នុងប្រទេសកម្ពុជា។
លោក Nara Pom អ្នកដឹកនាំក្រុមអ្នកវិនិយោគថៃ របស់ក្រុមហ៊ុន TPI Polene Public Company Limited បានអោយដឹងថា ក្រុមហ៊ុនថៃមួយនេះបានសិក្សាពីផែនការវិនិយោគ និងទីតាំងវិនិយោគរួចរាល់ហើយនឹងចាប់ផ្តើមវិនិយោកនាពេលខាងមុខដ៏ខ្លីនេះ តែជាជំហ៊ានដំបូងខាងក្រុមហ៊ុនបោះទុន 20 ទៅ 25លានដុល្លារជាមុនសិន។
លោកបន្តថា ការវិយោគនេះគឺដើម្បីចូលរួមអភិវឌ្ឍន៍លើវិស័យទេសចរណ៍ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ ។ បន្ថែមពីនេះវិស័យទេសចរណ៍ និងវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងរីកលូតលាស់ខ្លាំងនិងចាប់អារម្មណ៍ បំផុតពីសំណាក់ក្រុមហ៊ុនវិយោគក្នុងស្រុក និងក្រៅស្រុក។
លោក Nara Pom បញ្ជាក់ទៀតថា ការវិយោគទៅលើវិស័យរម្មណីយដ្ឋាន ផ្ទះល្វែងនិងខុនដូននេះ នៅមិនឆ្ងាយពីរាជធានីភ្នំពេញឡើយប្រហែលជា15 ទៅ 30គីឡូម៉ែត្រពីរង្វង់មូលចោមចៅ នៅតាមបណ្តោយផ្លូវជាតិលេខ3 លើទំហំដីពី20 ទៅ 30ហិកតា ។
មិនតែប៉ុណ្ណោះក្រុមហ៊ុនដ៏ធំនេះគ្រោងវិនិយោគលើវិស័យផ្សេងៗទៀតជាច្រើននៅក្នុងប្រទេសកម្ពុជា រួមមានអគ្គិសនីយ៍ដើរដោយថាមពល រោងចក្រកែឆ្នៃសម្រាម និងតំបន់សេដ្ឋកិច្ចពិសេស៕