ដោយ៖ សុខុម
ក្រុងណៃរ៉ូប៊ី: គម្រោងផ្លូវដែកទំនើប Mombasa-Nairobi Standard Gauge Railway (SGR) បានក្លាយជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងស្ដារសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកេនយ៉ា ចាប់តាំងពីវាត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការក្នុងឆ្នាំ២០១៧។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៤ ខែសីហា ឱ្យដឹងថា គម្រោងផ្លូវដែក SGR ប្រវែង៦០៩គីឡូម៉ែត្រ ដែលតភ្ជាប់ទីក្រុងកំពង់ផែ Mombasa និងរដ្ឋធានីណៃរ៉ូប៊ី (Nairobi) ប្រទេសកេនយ៉ា នេះត្រូវបានសាងសង់ឡើងក្រោមទុនវិនិយោគរហូតដល់ទៅ៣,៨ពាន់លានដុល្លារអាមេរិក។
គម្រោងផ្លូវដែកនេះទទួលបានហិរញ្ញប្បទានភាគច្រើនពីមហាយក្សចិន និងសាងសង់ដោយក្រុមហ៊ុនសាងសង់ផ្លូវ និងស្ពានរបស់ចិន ដែលមានឈ្មោះថា China Road and Bridge។
គម្រោងផ្លូវដែកនេះបានក្លាយជាចំណុចស្នូលដ៏សំខាន់មួយ នៃគោលនយោបាយរបស់កេនយ៉ា ដើម្បីឈានទៅសម្រេចផែនការផ្លាស់ប្តូរសេដ្ឋកិច្ចសង្គមធំៗចំនួន២របស់ខ្លួន គឺចក្ខុវិស័យឆ្នាំ២០៣០ (Vision 2030) និងរបៀបវារៈធំទាំង៤ (Big Four Agenda)។
បន្ទាប់ពីដាក់ឱ្យដំណើរការប្រកបដោយសុវត្ថិភាពរយៈពេល៥ឆ្នាំ ផ្លូវរថភ្លើងទំនើបនេះបានក្លាយជានិមិត្តរូបតំណាងមិត្តភាព កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ភាពរុងរឿងសម្បូរសប្បាយ និងការអភិវឌ្ឍ ព្រមទាំងការអភិរក្សប្រព័ន្ធអេកូឡូហ្ស៊ី និងបរិស្ថាន៕