រដ្ឋាភិបាលថៃគ្រោងចំណាយប្រាក់ ៦២ពាន់លានដុល្លារ វិនិយោគតំបន់ឧស្សាហកម្មភាគបូព៌ា

0

ដោយៈសុខុម

បាងកក: រដ្ឋាភិបាលថៃ គ្រោងបោះទុនវិនិយោគរហូតដល់ទៅប្រមា​ណ៦២ពាន់លានដុល្លារអាមេរិក នៅក្នុងតំបន់ឧស្សាហកម្មភាគបូព៌ានៃប្រទេសនៅរយៈពេល៥ឆ្នាំក្រោយ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា។

លោក Thanakorn Wangboonkongchana អ្នកនាំពាក្យរដ្ឋាភិបាលថៃ បានលើកឡើងតាមរយៈសេចក្ដីថ្លែងការណ៍ថា ផែនការឆ្នាំ២០២៣​-២០២៧ នៅច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា (Eastern Economic Corridor (EEC)) នឹងរួមបញ្ចូលទាំងការវិនិយោគ ដូចជាផ្នែករថយន្តអគ្គិសនី និងបច្ចេកវិទ្យាវេជ្ជសាស្រ្តផងដែរ។

អ្នកនាំពាក្យរូបនេះបន្ថែមទៀតថា រដ្ឋាភិបាលរំពឹងថានឹងមានការបោះទុនវិនិយោគ ចន្លោះពី១១,២៧ពាន់លានដុល្លារ ទៅ១៤,០៨ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដែលនឹងជួយឱ្យសេដ្ឋកិច្ចថៃ សម្រេចបានកំណើន៥%ក្នុងមួយឆ្នាំចាប់ពីឆ្នាំ២០២៤ខាងមុខនេះ។

លោកគូសបញ្ជាក់ថា “ក្រោមផែនការឆ្នាំ២០១៨-២០២២ នាពេលបច្ចុប្បន្ន ការវិនិយោគនៅច្រករបៀងសេដ្ឋកិច្ចភាគបូព៌ា បានឈានដល់៥០,៧២ពាន់លានដុល្លារ ដោយលើសពីគោលដៅ៤៧,៨៩ពាន់លានដុល្លារ”។

ច្រករបៀងសេដ្ឋកិច្ចភាគបូព៌ាបាន (EEC) ដែលគ្របដណ្តប់ខេត្តចំនួន​៣នៅភាគខាងកើត នៃក្រុងបាងកក គឺជាចំណុចស្នូលនៃកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលថៃ ក្នុងការជំរុញកំណើន និងលើកទឹកចិត្តការវិនិយោគ ជាពិសេសក្នុងឧស្សាហកម្មបច្ចេកវិទ្យាជាន់ខ្ពស់។

ទីភ្នាក់ងារធ្វើផែនការរដ្ឋ បានព្យាករកាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា ថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍មួយនេះ អាចនឹងសម្រេ​ចបានកំណើន២,៧%ទៅ៣,២%ក្នុងឆ្នាំនេះ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here