សុខុម
វ៉ាស៊ីនតោន: ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយស្តីពីអាកាសធាតុ សុខាភិបាល និងពន្ធដែលមានទំហំទឹកប្រាក់ដល់ទៅ៤៣០ពាន់លានដុល្លារ នៅថ្ងៃអង្គារ ទី១៦ ខែសីហា នេះ។
សេតវិមានបញ្ជាក់ថា លោក ចូ បៃឌិន នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះដែលនឹងលុបចោលឥណទានពន្ធលើរថយន្តអគ្គិសនីសម្រាប់ម៉ូឌែលភាគច្រើន ដែលបច្ចុប្បន្នទទួលបានរហូតដល់៧.៥០០ដុល្លារ។
សេចក្ដីព្រាងច្បាប់នេះរៀបចំឡើងវិញនូវឥណទានពន្ធរថយន្តអគ្គិសនីថ្មី ដែលមានស្រាប់ចំនួន៧.៥០០ដុល្លារ និងផ្ដល់ការបញ្ចុះតម្លៃថ្មីចំនួន៤.០០០ដុល្លារ សម្រាប់រថយន្តអគ្គិសនី។ សេចក្ដីព្រាងច្បាប់នេះក៏រួមបញ្ចូលទាំងកញ្ចប់ថវិការាប់សិបពាន់លានដុល្លារ សម្រាប់ឥណទានថ្មីៗ ឥណទានពន្ធ និងកម្មវិធីជំនួយសម្រាប់បណ្ដាក្រុមហ៊ុនផលិតរថយន្តដើម្បីផលិតរថយន្ត ដែលកាន់តែកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរ។
ក្រុមហ៊ុនផលិតរថយន្ត និងក្រុមហ៊ុនចែកចាយជាច្រើនបាននិងកំពុងធ្វើការជាមួយអតិថិជនដើម្បីបញ្ចប់កិច្ចសន្យាជាលាយលក្ខណ៍អក្សរ នៅមុនពេលលោក ចូ បៃឌិន ចុះហត្ថលេខាដើម្បីឱ្យពួកគេមានសិទ្ធិទទួលបានឥណទាន ទោះបីជាពួកគេមិនបានទទួលរថយន្តក៏ដោយ។
ក្រុមជួញដូររថយន្តមួយមានឈ្មោះថា Alliance for Automotive Innovation (សម្ព័ន្ធដើម្បីនវានុវត្តន៍រថយន្ត) ដែលតំណាងឱ្យក្រុមហ៊ុន Volkswagen ក្រុមហ៊ុន General Motors Co ក្រុមហ៊ុន Toyota Motor និងក្រុមហ៊ុន Ford Motor ក្នុងចំណោមក្រុមហ៊ុនដទៃទៀតបាននិយាយនៅមុននេះថា ច្បាប់នេះនឹងធ្វើឱ្យ៧០%នៃរថយន្តដែលផលិតនៅសហរដ្ឋអាមេរិក ជារថយន្តអគ្គិសនី រថយន្ត Hybrid និងរថយន្តអគ្គិសនីប្រើកោសិកាឥន្ធនៈ៕ Reuters៕